(ភ្នំពេញ)៖ នៅទីស្ដីការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានឧត្ដមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងាររៀបចំ សេចក្ដីព្រាងក្របខណ្ឌគោល នយោបាយ សេដ្ឋកិច្ចឌីជីថលកម្ពុជា បានដឹកនាំកិច្ចប្រជុំ កម្រិតបច្ចេកទេស ក្រុមការងារអន្តរក្រសួង ដើម្បីពិភាក្សា និងពិនិត្យជារួមទៅលើសេចក្ដីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ បានចង្អុលបង្ហាញអំពីភាពចាំបាច់ ក្នុងការត្រៀមខ្លួន សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតប នឹងបដិវត្តន៍ឧស្សាហកម្មទី៤ សំដៅទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការរីកចម្រើនយ៉ាង ឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ទាំងក្នុងប្រទេស តំបន់ និងសកល។
ស្របតាមការកំណត់របស់យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច និងណែនាំឱ្យឧត្ដមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ដឹកនាំរៀបចំ ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច ឌីជីថលកម្ពុជា។ ដោយគិតគូរអំពីការ ធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម សម្រាប់កម្ពុជា, ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថលកម្ពុជា បានពង្រីកវិសាលភាព គ្របដណ្ដប់ទាំងលើផ្នែក សង្គមឌីជីថលផងដែរ ដោយប្រែក្លាយជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា គឺជាឯកសារយុទ្ធសាស្ត្រ ដែលបានឆ្លុះបញ្ចាំងពីការគិតគូរវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ឱ្យក្លាយជាចន្ទល់ កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៃសង្គមឌីជីថលកម្ពុជា។
ក្របខណ្ឌគោលនយោបាយនេះ ក៏នឹងចាប់យកនូវកាលានុវត្តន៍ភាព និងសក្តានុពលទាំងឡាយ ពីវិស័យបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណាប្រើប្រាស់ វិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ធ្វើការពង្រួញផ្លូវនិងពន្លឿន ការអភិវឌ្ឍ ប្រទេស, និងការដោះស្រាយបញ្ហា ប្រឈមនានា ដែលកំពុងមានស្រាប់ ក៏ដូចជាបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជមាននានា ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពល នៃការប្រើប្រាស់បច្ចេកវិទ្យាឌីថីថល។
បន្ថែមលើនេះ ស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ឯកសារគោលនយោបាយនេះ ក៏នឹងក្លាយជាឧបករណ៍មួយដ៏យ៉ាងសំខាន់ នៃផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ របស់កម្ពុជា ពោលគឺផ្តល់ការគាំទ្រ ទាំងដោយផ្ទាល់ និងប្រយោល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្បូរបែប, ឡូជីស្ទីក, ការទាក់ទាញវិនិយោគ, ការបង្កើតផលិតភាព និងការលើកកម្ពស់ភាពប្រកួតប្រជែងជាដើម។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក វង្សី វិស្សុត បានផ្តល់ណែនាំដល់ក្រុមការងារបន្តធ្វើការកែសម្រួល តាមស្មារតីនៃការពិភាក្សា របស់អង្គប្រជុំ ដើម្បីសម្រិតសម្រាំង និងសម្រួចឯកសារក្របខណ្ឌ គោលនយោបាយនេះឱ្យកាន់តែមាន លក្ខណៈគ្រប់ជ្រុងជ្រោយ ដោយផ្តោតបន្ថែមលើចំណុចគន្លឹះៗ មួយចំនួនទៀត ដូចជា ការកសាងរដ្ឋាភិបាលឌីជីថល ដែលជាកាតាលី ក្នុងការជំរុញការប្រើប្រាស់ឌីជីថលនៅក្នុងសង្គម-សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគលើហេដ្ឋា រចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនា សម្ព័ន្ធទិន្នន័យ (Data) ព្រមទាំងការកសាងប្រព័ន្ធអេកូឡូស៊ី និងក្របខណ្ឌគតិយុត្តិជាដើម និងម្យ៉ាងទៀត ក៏ត្រូវធានាឱ្យមានសង្គតិភាព និងភាពឆ្លើយឆ្លងគ្នាផងដែរ រវាងក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ជាមួយនឹងក្របខណ្ឌឌីជីថលរបស់អាស៊ាន។
សេចក្តីព្រាងក្របខណ្ឌគោល នយោបាយនេះគ្រោង នឹងដាក់ជូនកិច្ចប្រជុំ ដែលនឹងដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្ដមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ពិនិត្យ និងសម្រេចនាពេលខាងមុខ ដើម្បីបន្តនីតិវិធីស្នើសុំការអនុម័ត ឯកសារគោលនយោបាយនេះ ពីរាជរដ្ឋាភិបាល ៕