(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងនគរបាល និងកងរាជអាវុធហត្ថចំណុះឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការងារឲ្យកាន់តែល្អប្រសើរ ជុំវិញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ការជំរុញបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១៤។
លោក ឃួង ស្រេង បានលើកឡើងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ កន្លងមកឃើញថា អនុវត្តបានល្អប្រសើរ បើទោះបីជាមានភាពចន្លោះប្រហោងបន្តិចបន្តួចក្តី។ លោកបន្តទៀតថា សម្រាប់គោលនយោបាយថ្មី ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពនេះ គឺបានពាក់ព័ន្ធទៅដល់មន្ទីរមួយចំនួនក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសលើការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស និងមានតម្លាភាព។
បើតាមលោក ឃួង ស្រេង, មន្ទីរដែលមានតួនាទីនៃការផ្ដល់ច្បាប់អនុញ្ញាត លើលិខិតបទដ្ឋាននានា ដល់ប្រជាពលរដ្ឋដែលបើកអាជីវកម្មនានា ដូចជាការអនុញ្ញាតឲ្យមានការបូមខ្សាច់ ការអនុញ្ញាតឲ្យបើកនៅភោជនីយដ្ឋាន កុងស៉ីបញ្ចាំ កុងស៉ីកាប់ជ្រូក កាប់គោជាដើម មន្ទីរជំនាញត្រូវតែចុះសិក្សាឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យគេបើកអាជីវកម្ម។
លោក ឃួង ស្រេង បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពនេះ ទាំងអ្នកមាន អ្នកក្រ ប្រទេសណាក៏ដោយ គេចង់បានគ្រប់គ្នា។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវបានយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនេះឲ្យបានល្អ ដើម្បីទទួលបាននូវការជឿទុកចិត្តនឹងទទួលបាននូវភាពកក់កពីបងប្អូនប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងទំនាស់នានានៅក្នុងមូលដ្ឋាន អាជ្ញាធរមូលដ្ឋានត្រូវប្រឹងប្រែងដោះបញ្ចប់ កុំបញ្ជូនមកឲ្យរដ្ឋបាលរាជធានីភ្នំពេញដោះស្រាយ»។
ជាងនេះទៅទៀត ជុំវិញប្រតិបត្តិការ និងហេតុការណ៍ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន លោកប្រាប់ថា ត្រូវហ៊ុនមព័ទ្ធកន្លែងកើតហេតុ និងព្រឹត្តិការណ៍ទាំងនោះឲ្យបានឲ្យបានម៉ឺងម៉ាត់ចៀសវាងនូវបញ្ហាផ្សេងៗដែលកើតមានឡើង ដោយសារតែការគ្រប់គ្រងមិនបានល្អ៕