(ភ្នំពេញ)៖ ក្រុមប្រទេសអាស៊ានបូកបី ដែលមានប្រទេសក្នុងតំបន់អាស៊ាន រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បាននិងកំពុងសម្លឹងមើលលើយន្តការជាច្រើន ដើម្បីជំរុញចលនាទេសចរក្នុងតំបន់របស់ខ្លួន ធ្វើយ៉ាងណាអាចស្ដារវិស័យទេសចរណ៍ឡើងវិញ ក្នុងដំណាក់កាល និងក្រោយវិបត្តិជំងឺកូវីដ-១៩។
ការឱ្យដឹងនេះធ្វើឡើងតាមរយៈកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី៣៨ តាមរយៈវីដេអូខនហ្វើរិន នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដែលដឹកនាំដោយសហប្រធានលោក ចាង ស៉ីឡុង (Zhang Xilong) អគ្គនាយករងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍អាស៊ាន ថ្នាក់អគ្គនាយកទេសចរណ៍ចិន ជប៉ុន និងកូរ៉េ លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសមាសភាពប្រមាណ ១០០ នាក់។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សំដៅដល់កាស្តារវិស័យទេសចរណ៍អាស៊ានបូកបីឡើងវិញ តាមរយៈការដាក់ចុះនូវវិធាននានាសម្រាប់ជំរុញ និងទាក់ទាញទេសចរក្នុងតំបន់អាស៊ាន និងប្រទេសចិន ជប៉ុន កូរ៉េ ស្ថាប័នជាតិទេសចរណ៍អាស៊ានបូកបីបានពិភាក្សាគ្នាដូចតទៅ៖
១៖ លើការវាយតម្លៃលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០១៨-២០២១។
២៖ ការរៀបចំផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០២១-២០២៥។
៣៖ ការបន្តគាំទ្រជំនួយបច្ចេកទេសរបស់មជ្ឈមណ្ឌលអាស៊ានចិន ជប៉ុន និងកូរ៉េ ដល់ប្រទេសប្រទេសសមាជិកអាស៊ានក្នុងនោះក៏មានកម្ពុជាផងដែរ។
៤៖ ប្រទេសជប៉ុនតាមរយៈមជ្ឈមណ្ឌលអាស៊ានជប៉ុនបាននិងកំពុងអនុវត្ត កម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ប្រជាជនជប៉ុន ជាពិសេសយុវវ័យជប៉ុនឲ្យមកទស្សនានៅតំបន់អាស៊ាន។
៥៖ ប្រទេសអាស៊ានបូកបីពង្រឹង និងជំរុញឲ្យមានទំនើបកម្មនៃប្រព័ន្ធឌីជីថលនៅក្នុងឧស្សាហកម្មទេសចរណ៍អាស៊ានបូកបី ឲ្យកាន់តែប្រសើរឡើងថែមទៀត។
៦៖ ប្រទេសអាស៊ានបូកបីបន្តគាំទ្រជំនួយបច្ចេកទេសលើការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ដំណាក់កាលទី២។
សូមបញ្ជាក់ផងដែរថា ឯកសារខាងលើនឹងត្រូវបានរៀបចំដាក់ឆ្លង កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ដើម្បីសុំការណែនាំ និងតម្រង់ទិស សម្រាប់ការអនុវត្តក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការអាស៊ានបូកបី៕