(ភ្នំពេញ)៖ លោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានដឹកនាំក្រុមការងារ វ.ស.ស. ចែកជានិមិត្តរូបនូវកាតាបនិងសម្ភារៈសិក្សាសរុបចំនួន ៥ ៨៨៦កញ្ចប់ ដល់សិស្សមកពីសាលារៀនចំនួន ១៥ ស្ថិតក្នុងខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នៅសាលាបឋមសិក្សាក្តាំងងា ក្រុងបាត់ដំបង និងកាតាបនិងសម្ភារៈសិក្សាចំនួន ៦ ៥៧៥កញ្ចប់ ត្រូវបានចែកដល់សិស្សមកពី ២៩សាលារៀន ស្ថិតក្នុងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ សែសិន ក្រុងសិរីសោភ័ណ។
កាតាបនិងសម្ភារៈសិក្សាទាំងនេះ ជាជំនួយសប្បុរសធម៌របស់មូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ ដែលផ្តល់ជូន វ.ស.ស. ដើម្បីចែកជូនដល់សិស្សានុសិស្សនៅតាមសាលារៀននៅតំបន់ដាច់ស្រយាលនិងជួបការលំបាក ដែលចូលរួមចំណែកមួយផ្នែកក្នុងការសម្រាលដល់ការចំណាយរបស់អាណាព្យាបាលសិស្សក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។
ក្នុងតួនាទីជាអ្នកសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល វ.ស.ស. បាននិងកំពុងខិតខំកៀរគរជំនួយឧបត្ថម្ភពីដៃគូសហប្រតិបត្តិការជាតិនិងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។