(កំពត)៖ ភ្នំទឹក និងភ្នំតូច ដែលមានភូមិសាស្ត្រនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឲ្យទាក់ទាញមួយ ប៉ុន្តែតំបន់នេះមិនសូវមានអ្នកទៅកម្សាន្តនោះទេ។ មានទំហំសរុបជាង ៦០០ហិចតា តំបន់ដ៏ស្រស់បំព្រងខាងលើ មានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រ ពីភាគខាងកើតនៃទីរួមខេត្តកំពត។
នៅជុំវិញតំបន់ភ្នំទឹក និងភ្នំតូច ព័ទ្ធទៅដោយបឹងដែលមានវារីរុក្ខជាតិ ជាពិសេសមានដើមព្រលិត និងរំចង់ ដែលរីកផ្កាបង្ហាញពណ៌យ៉ាងស្រស់ឆើតឆាយ ញ៉ាំងទេសភាពគួរជាទីគយគន់។ បន្ថែមលើនេះ មានទាំងដើមថ្នក់ទឹក និងវារីរុក្ខជាតិដទៃទៀត ផ្តល់ជាចំណីសម្រាប់ក្របីអ្នកស្រុកនៅទីនោះផង។
ប្រជាពលរដ្ឋនៅក្នុងតំបន់ ថែមទាំងអាចនេសាទត្រីជាលក្ខណៈគ្រួសារយកមកទទួលទានប្រចាំថ្ងៃ ដោយមិនបាច់ចំណាយប្រាក់ទិញពីផ្សារ។ ពេលអ្នកយកព័ត៌មាន របស់អង្គភាពព័ត៌មាន Fresh News បានទៅដល់ទីនោះផ្ទាល់ ក៏បានសង្កេតឃើញអ្នកស្រុកខ្លះ កំពុងរាវខ្យង និងខ្ចៅ នៅក្រោមភ្នំទឹក ដើម្បីទុកស្ងោរទទួលទាន។
ចំណែកឯនៅក្នុងបឹងវិញ គេឃើញមានមនុស្សដោលទូកដឹកមនុស្សកម្សាន្តផង។ នៅពេលថ្ងៃរៀបលិច គេក៏អាចផ្តិតយករូបភាពនៅតំបន់នោះ យ៉ាងស្រស់ស្អាតជាពន់ពេក។ បើនៅក្នុងភ្នំតូចវិញ ពេលថ្ងៃរៀបលិចនោះ មានថ្មក្នុងភ្នំមួយកន្លែង ដែលចាំងពន្លឺថ្ងៃមានពណ៌ដូចមាសឆ្អិនឆ្អៅ។
លក្ខណៈពិសេសសម្រាប់អ្នកចូលចិត្តបោះតង់នោះ ពួកគេអាចទៅកម្សាន្តទីនោះបាន ដោយសារតែមានទួលយ៉ាងធំទូលាយនៅក្បែរភ្នំទាំងពីរ។ ចំពោះផ្លូវចូលវិញ មិនជាបញ្ហាចោទឡើយ ពោលសូម្បីតែរថយន្តទំនើបក៏អាចចូលទៅទីនោះបានដែរ។
មិនតែប៉ុណ្ណោះតំបន់នេះ ផ្តល់ទីកន្លែងឲ្យសត្វស្លាបនានា បូករួមទាំងសត្វក្រៀល ដែលហើរចេញពីតំបន់ការពារទេសភាពអន្លង់ព្រីង ទៅរកស៉ីនៅក្នុងបឹងជុំវិញតំបន់ភ្នំទឹក និងភ្នំតូចផងដែរ។ សម្រាប់សត្វក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង មួយចំនួនហើរទៅរកចំណីនៅតំបន់ភ្នំទឹក និងតំបន់ភ្នំតូច ដែលមានផ្ទៃបឹងដ៏ធំ រហូតដល់ទំហំជាង ៦០០ហិចតា។
ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានច្បាស់ការណ៍ជាច្រើន បង្ហើបមកថា តំបន់ភ្នំទឹក និងភ្នំតូច មានការទិញលក់ដីយ៉ាងផុលផុសដែលថ្ងៃអនាគតនឹងមានការលុបបឹង ដែលមិនអាចឲ្យសត្វក្រៀលទៅរកចំណីនៅទីនោះបានទៀតទេ។ ប្រការនេះហើយ ទើបប្រជាពលរដ្ឋចង់ឃើញរាជរដ្ឋាភិបាល ដាក់បញ្ចូលតំបន់ភ្នំទឹក និងភ្នំតូច ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ជាតំបន់អភិរក្សធនធានធម្មជាតិដូច តំបន់ការពារទេសភាពអន្លង់ព្រីងផងដែរ។ ពួកគាត់រំពឹងថា បើទុកអភិរក្សវិញ តំបន់ខាងលើអាចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តបាន និងបង្កើតមុខរបរបន្ថែមសម្រាប់ប្រជាពលរដ្ឋ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ពេលផ្តល់បទសម្ភាសដល់អ្នកព័ត៌មានប្រចាំអង្គភាពព័ត៌មាន Fresh News, យូរៗគេឃើញមានរថយន្តទំនើបៗ របស់ក្រុមអ្នករកស៉ីដី ធ្វើដំណើរទៅកាន់តំបន់នោះ ក្នុងគោលដៅជួញដូរដីធ្លីនៅតំបន់នោះផងដែរ។ មិនតែប៉ុណ្ណោះ គេក៏ធ្លាប់ឃើញផ្លាកពាណិជ្ជកម្មធំៗ ដាក់ផ្សព្វផ្សាយពុះដីឡូតិ៍លក់របស់ក្រុមហ៊ុនឯកជន នៅទីនោះទៀតផង តែត្រូវបានហែកចោលវិញ។
ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ លោក សាយ សំអាល់ បានប្តេជ្ញាចិត្តការពារ និងអភិរក្សធនធានធម្មជាតិ គ្រប់កន្លែងទាំងអស់។ ក្រសួងបរិស្ថាន បញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ផងដែរ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលជាមន្ត្រីសកម្មមួយរូបលើការងារធនធានធម្មជាតិ បានអះអាងថា ការទិញលក់ដី នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ គឺជាទង្វើខុសច្បាប់។ លោកសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន ក៏បដិសេធមិនទទួលស្គាល់នោះទេ និងបានចាត់ទុកករណីទិញលក់ដីនៅតំបន់អភិរក្សធនធានធម្មជាតិ ជាករណីអាទិភាពត្រូវអនុវត្តច្បាប់ចំពោះជនល្មើស៕