(កំពង់ឆ្នាំង)៖ បច្ចុប្បន្នគេសង្កេតឃើញដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន នៅក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានបាត់បង់ជាបណ្ដើរៗដោយសារតែក្រុមខិលខូចមួយចំនួនបានលួចកាប់រុករាន ទន្ទ្រាន និងចូលឈូសឆាយយកធ្វើជាកម្មសិទ្ធិ ឯដីព្រៃលិចទឹកមួយចំនួនទៀត ក៏មានការឃុបឃិតពីអាជ្ញាធរមួយចំនួនផងដែរ។
ប្រជាពលរដ្ឋរស់នៅឃុំច្រណូក នៅព្រឹកថ្ងៃទី១ ខែកុម្ភ ឆ្នាំ២០២១ បានចង្អុលបង្ហាញដល់ក្រុមអ្នកសារព័ត៌មាន Fresh News ដែលចុះទៅយកព័ត៌មានផ្ទាល់ ឲ្យដឹងថា ដីព្រៃលិចទឹក ជាដីតំបន់៣ របស់សហគមន៍នៅចំណុចច្រាំងចោត ជាប់ផ្លូវជាតិលេខ៥១តភ្ជាប់ ពីស្រុកកំពង់លែង ទៅកាន់ខេត្តកំពង់ធំ ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលការពារដោយជលផល ត្រូវបានជនខិលខូចយកត្រាក់ទ័រចំនួន ៦គ្រឿងលួចចូលឈូសឆាយនៅពេលយប់ ដោយសារតែទីតាំងដីនៅជាប់ និងផ្លូវជាតិមិនហ៊ានធ្វើសកម្មភាពឈូសឆាយនៅពេលថ្ងៃ ទើបពួកគេយកគ្រឿងចក្រចូលឈូសឆាយនៅពេលយប់។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការឈូសឆាយដីព្រៃ លិចទឹករបស់រដ្ឋខាងលើនេះ គឺពួកគេធ្វើសកម្មភាពជាងកន្លះខែមកហើយ ទើបតែផ្អាកសកម្មភាពនៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះទេ ក្រោយពីបែកការណ៍ដល់មន្ត្រីជំនាញជលផល។
បច្ចុប្បន្នដីព្រៃលិចទឹកនៅចំណុចនោះ ត្រូវបានគេឈូសឆាយអស់ប្រមាណជាជាង ៣០ហិកតា ក្នុងចំណោមដីជាង ១០០ហិកតា ស្ថិតនៅចំណុចខាងលើនេះ ដោយពុំឃើញមានសមត្ថកិច្ច និងអាជ្ញាធរនៅតំបន់នោះធ្វើការទប់ស្កាត់ឡើយ។ ដីព្រៃលិចទឹកខាងលើនេះ គឺស្ថិតនៅជាប់ និងផ្លូវជាតិលេខ៥១ ពីស្រុកកំពង់លែងទៅខេត្តកំពង់ធំ ដោយមានក្បាលដីបណ្ដោយជាប់ផ្លូវជាតិនេះប្រមាណជាជិត ១គីឡូម៉ែត្រផងដែរ។
ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា ព្រៃលិចទឹកនៅចំណុចនេះមានជាង ១០០ហិកតា ដែលពីមុនមានរោងសមត្ថកិច្ចជលផលមួយកន្លែងនៅក្បែរនោះ សម្រាប់ស្នាក់នៅប្រចាំការ ការពារព្រៃលិចទឹករបស់រដ្ឋនៅតំបន់នោះ នៅក្នុងឆ្នាំ២០១៩កន្លងមក សមត្ថកិច្ចចម្រុះក៏ធ្លាប់ចុះបង្ក្រាបចាប់យកត្រាក់ទ័រមួយចំនួនបញ្ជូនទៅតុលាការ និងបានធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលឈូសឆាយធ្វើស្រែលើដីនោះ និងទីតាំងមួយចំនួនផ្សេងទៀតស្ថិតនៅតំបន់ក្បែរនោះផងដែរ។
ប៉ុន្តែនៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីមន្ត្រីជលផលផ្លាស់ចេញពីទីនោះទៅប្រចាំការនៅកន្លែងផ្សេង ក៏ស្រាប់តែមានគេចូលមកលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ នៅចំណុចខាងលើនេះបានយ៉ាងរលូន។ ដូចនេះប្រជាពលរដ្ឋស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញជលផល ជួយទប់ស្កាត់ និងបង្ក្រាបការពារព្រៃលិចទឹកដែលបច្ចុប្បន្ននៅសេសសល់បន្តិចបន្តួចនេះឲ្យបានគង់វង្ស ទុកសម្រាប់ជាជម្រកត្រីពងកូន ខ្លាចក្រែងបន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ហើយក្រោយមកក៏ស្រាប់តែដីនេះបានក្លាយទៅ ជាដីកម្មសិទ្ធិឯកជនរបស់បុគ្គលណាផ្សេង ដែលមិនមែនសម្បត្តិរបស់រដ្ឋទៅវិញ។
ទាក់ទងនឹងករណីនេះ លោក ឈុំ ឈៀង មេឃុំច្រណូក បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទឲ្យដឹងថា ដីនៅចំណុចនេះមានម្ចាស់អស់ទៅហើយ គឺជាដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផល ទើបតែខានធ្វើស្រែ ២ឆ្នាំ ដោយសារតែមិនសូវមានទឹកធ្វើ។
ពាក់ព័ន្ធទៅនឹងការណ៍ដែលគេយកគ្រឿងចក្រ ចូលឈូសឆាយនៅពេលយប់ លោកមេឃុំឆ្លើយថា «ចូលឈួសយប់យ៉ាងម៉េចកើតបើមន្ត្រីជលផល និងប៉េអឹមយាមទីនោះជាប្រចាំនោះ»។
ចំណែកប្រជាពលរដ្ឋម្នាក់ឈ្មោះផលដែលជាអ្នកធ្លាប់កាប់ឆ្ការដីនេះពីមុនមក បានប្រាប់តាមទូរស័ព្ទថា ពីមុនមកដីនៅចំណុចនេះជាដីរបស់គាត់ បានកាប់ឆ្កា៦ឆ្នាំមកហើយ គឺមានទំហំ៣ហិកតា ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចហាមឃាត់ ទើបក្នុងពេលថ្មីៗនេះគាត់បានលក់ក្នុងតម្លៃថោកៗទៅឱ្យគេវិញ។
ដោយឡែកលោក ង៉ី មន្ត្រីជលផលប្រចាំការនៅតំបន់នោះ និងជាមន្ត្រីជំនាញ ដែលបានចូលរួមពិនិត្យទីតាំងដីព្រៃ លិចទឹកខាងលើនេះជាមួយនឹងសហគមន៍ អង្គភាពព័ត៌មាន Fresh News ព្យាយាមទូរស័ព្ទទំនាក់ទំនង ដើម្បីសួរព័ត៌មាន ពីទំហំដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចនោះ ថាតើមានទំហំប៉ុន្មានហិកតា ហើយតើរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានគេលួចឈូសឆាយអស់ទំហំប៉ុន្មានហិកតា។ ប៉ុន្តែទោះជាទូរស័ព្ទចូលជាច្រើនដង ក៏មិនមានអ្នកទទួលឡើយ។
បើតាមប្រជាពលរដ្ឋរស់នៅទីនោះបានប្រាប់ថា ដីព្រៃលិចទឹក ជាដីតំបន់៣នៅចំណុចខាងលើនេះ ទាំងអស់មានទំហំជាង ១០០ហិកតា ហើយបច្ចុប្បន្នត្រូវបានគេឈូសឆាយអស់ប្រមាណជាជាង ៣០ហិកតា។ នេះគ្រាន់តែជាការប៉ាន់ស្មានរបស់ពួកគាត់តែប៉ុណ្ណោះ រីឯតួលេខពិត ប្រាកដនៅលើមន្ត្រីជំនាញជលផលជាអ្នកគ្រប់គ្រង។
ដោយឡែកជុំវិញករណីនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា ករណីដែលមានគេលួចឈូសឆាយទន្ទ្រានយកដីព្រៃ លិចទឹករបស់រដ្ឋនៅចំណុចច្រាំងចោត ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែងនេះ មានមន្ត្រីឈ្មោះលោក ង៉ី ជាមន្ត្រី ជលផលស្រុកកំពង់លែង បានចុះកសាងសំណុំរឿងជា មួយនឹងសហគមន៍រួចហើយ។
ដូច្នេះដីព្រៃលិចទឹកនៅចំណុចនេះ គឺសមត្ថកិច្ចជំនាញនិងមិនអនុញ្ញាតឲ្យជនណាម្នាក់បន្តឈូសឆាយយកធ្វើជាកម្មសិទ្ធិបានឡើយ។ ប៉ុន្តែកន្លងមកអាជ្ញាធរ ឃុំចេះតែហ៊ានស៊ីញ៉េលក់ ទិញ ឲ្យទៅប្រជាពលរដ្ឋ ដែលនាំឱ្យមានផលលំបាកដល់មន្ត្រីជំនាញរបស់លោក ដែលជាអ្នកគ្រប់គ្រង ដូច្នេះរឿងនេះបើអាជ្ញាធរណាហ៊ានស៊ីញ៉េលក់ដូរដីរបស់រដ្ឋ និងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់៕