(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានសណ្ដាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ ភ្នាក់ងារទេសចរណ៍ នគរបាលបេតិកភណ្ឌ ព្រះសង្ឃ និងក្រុមការងារសម្អាតបរិស្ថាន-HCC នៅសប្តាហ៍នេះ បានរួមគ្នារើសកាកសំណល់ប្លាស្ទិក និងសំរាមផ្សេងៗនៅក្នុងបរិវេណនៃទីក្រុងអង្គរធំ ដើម្បីឱ្យរមណីយដ្ឋានអង្គររក្សាបាននូវអនាម័យ និងបរិស្ថានស្អាតជាប់ជានិច្ច។
កិច្ចការសម្អាតនេះ មានបីគោលដៅ គឺគោលដៅទី១ ក្រុមការងារបានសម្អាតបរិស្ថានជុំវិញប្រាសាទបាយ័ន បរិវេណវត្តព្រះឥន្ទទេព និងតាមបណ្ដោយផ្លូវពីប្រាសាទយ័ន រហូតដល់ខ្លោងទ្វារតាកាវ។
រីឯគោលដៅទី២ គឺក្រុមការងារបានសម្អាតបរិវេណប្រាសាទបាភួន (បាពួន) ប្រាសាទភិមានអាកាស និងជុំវិញវត្តទេពប្រណម្យ។ ចំណែកឯគោលដៅទី៣ គឺនៅទីធ្លាមុខប្រាសាទសួរព្រ័ត្រ បរិវេណវត្តវិហារប្រាំពីរល្វែង និងវត្តតាំងតុ។
អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់លើការគ្រប់គ្រងគុណភាពបរិស្ថានជាអាទិភាព ដើម្បីបញ្ចៀសឱ្យបាន នូវការបំពុលបរិស្ថាន ដែលជាហេតុបង្កនូវបញ្ហាផ្សេងៗ ដូចជា បញ្ហាសុខភាព និងលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ៕