(ហ្វីជី)៖ យោងតាមការឲ្យដឹងពីសំណាក់អាជ្ញាធរប្រទេសហ្វីជី (Fiji) នៅព្រឹកថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក Cyclone Winston បានកើនឡើងដល់ ៤២នាក់ ខណៈដែលមនុស្សជាច្រើននាក់ត្រូវបានគេរាយការណ៍មកថា បានរងរបួស នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីជី បានឲ្យដឹងថា សាលារៀនប្រមាណ ៦០ភាគរយ បានរងផលប៉ះពាល់ដោយគិតជា ទឹកប្រាក់មានចំនួនប្រមាណ ២,៣លានដុល្លារអាមេរិក ចំណែកឧស្សាហកម្មផលិតស្ករវិញ ក៏ទទួលរងផលប៉ះពាល់ផងដែរ ដោយគិតជាទឹកប្រាក់មានចំនួនប្រមាណ ៨៣លានដុល្លារអាមេរិក។
ព្យុះត្រូពិក Cyclone Winston បានចាប់ផ្ដើមវាយប្រហារប្រទេសប្រជុំកោះហ្វីជី កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ ជាមួយនឹងកម្លាំងខ្យល់ ដ៏ខ្លាំងក្លា ហើយបើតាមសំដីរបស់ពលរដ្ឋដែលរស់នៅលើកោះនេះបានឲ្យដឹងថា វាជាប្រវត្តិសាស្ត្រសម្រាប់ ពួកគាត់ ព្រោះថាកន្លងមកមិនធ្លាប់មានព្យុះបែបនេះឡើយ។
គួរបញ្ជាក់ផងដែរថា ក្រៅពីផ្ទះសម្បែរ នៅមានដើមឈើ និងហេរដ្ឋរចនាសម្ព័ន្ធជាច្រើនទៀត ដែលរងការបំផ្លិចបំផ្លាញ ហើយនៅពេលនេះ នាយករដ្ឋមន្ត្រីហ្វីជី លោក Frank Bainimarama ក៏បានអំពាវនាវឲ្យមានអន្តរគមន៍ជំនួយមនុស្សធម៌ ពីអន្តរជាតិផងដែរ ព្រោះពលរដ្ឋហ្វីជី ត្រូវការស្បែង និងជម្រកស្នាក់នៅ៕