(ព្រះវិហារ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្បែរតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ អះអាងថា ពួកគាត់បញ្ឈប់សកម្មភាពចូលព្រៃ ដើម្បីកាប់ឈើ និងបរបាញ់ ឬដាក់អន្ទាក់ចាប់សត្វព្រៃ ដូចកាលពីមុនទៀតឡើយ ពីព្រោះបន្ទាប់ពីមានរបរចិញ្ចឹមជីវិត ពិតប្រាកដ និងបានយល់ដឹងពីតម្លៃនៃធនធានធម្មជាតិរបស់កម្ពុជា។
បើតាមលោក មាស ហឿ ប្រធានសហគមន៍កែច្នៃចង្កឹះសង្កែមានជ័យ ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា សហគមន៍របស់លោកចំនួន ១៤គ្រួសារ ដែលធ្លាប់តែចូលព្រៃដើម្បីកាប់ឈើ និងបរបាញ់សត្វព្រៃកាលពីមុន ឥឡូវមិនបាន ប្រកបរបរនេះទៀតទេ បន្ទាប់ពីពួកគាត់ចូលរួមអនុវត្តគម្រោងស្រូវត្រយង និងទទួលបានជំនាញកែច្នៃដើមទ្រាំងឱ្យទៅជា ផលិតផលប្រើប្រាស់ប្រចាំថ្ងៃមានដូចជា៖ ចង្កឹះ វែក ឈើច្រត់ កន្ទេល ដើម្បីបានចំណូលសេដ្ឋកិច្ច សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសប្រតិភូក្រសួងបរិស្ថាន និងអង្គការដៃគូអភិវឌ្ឍន៍ ចុះទស្សនកិច្ចសិក្សាពីការអនុវត្តច្បាប់ និងការចូលរួមការពារព្រៃឈើ និងសត្វព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មពេទ ខេត្តព្រះវិហារ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក មាស ហឿ បានបញ្ជាក់ថា ក្នុងមួយខែៗ សមាជិករបស់លោកអាចរកចំណូលបានពី ៥០ម៉ឺន ទៅ៦០ម៉ឺនរៀល ពីការកែច្នៃដើមទ្រាំង ឱ្យទៅជាផលិតផលផ្សេងៗ។
តើតាមលោក យឹម ទួន ជាប្រធានសហគមន៍ស្តីទី តំបន់ការពារធម្មជាតិសម្បូរព្រៃវែង ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនចំនួនជាង ១៣០គ្រួសារ បានងាកទៅប្រកបរបរធ្វើស្រែចម្ការ មានដូចជា៖ អនុវត្តគម្រោងស្រូវការពារត្រយង ដាំដំឡូងមី និងស្វាយចន្ទីជាដើម។
លោកបានបន្ថែមថា មុខរបរនេះបានជួយឱ្យប្រជាពលរដ្ឋក្នុងសហគមន៍របស់លោក កាត់ផ្តាច់ពីការពឹងអាស្រ័យជីវភាពទៅលើធនធានព្រៃឈើ និងដើរបាញ់សត្វ។
លោក យឹម ទួន បានបញ្ជាក់ថា ក្នុងការប្រកបរបរកសិកម្មនេះ ប្រជាសហគមន៍របស់ខ្លួនមិនបានប្រើថ្នាំគីមី ដែលនាំឱ្យអន្តរាយដល់ពពួកសត្វស្លាបដូចជា៖ ត្រយងយក្ស និងពពួកសត្វកម្រផ្សេងទៀតនោះឡើយ។ លោកបានបង្ហាញជំហរចូលរួមការពារដីព្រៃឈើពីការទន្ទ្រានយកខុសច្បាប់ និងទប់ស្កាត់បទល្មើសសត្វព្រៃ ក្នុងគោលដៅទាក់ទាញទេសចរចូលទៅទស្សនា ដើម្បីនាំចំណូលចូលដល់សហគមន៍របស់ខ្លួន។
ក្នុងឱកាសនោះដែរលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា គម្រោងស្រូវត្រយងនេះ តម្រូវឱ្យកសិករដែលជាសមាជិក អនុវត្តតាមគោលការណ៍សំខាន់ៗ ផ្សារភ្ជាប់ជាមួយនឹងការគោរពលើបរិស្ថាន ការពារធនធានធម្មជាតិ រួមមានការដាំស្រូវ ដោយគោរពទៅតាមគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិត មិនចូលកាប់ទន្ទ្រាន កាន់កាប់ដីព្រៃ និងលក្ខខណ្ឌត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃជាដើម។
គម្រោងស្រូវត្រយង (Ibis Rice Scheme) សម្រាប់សហគមន៍រស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃនេះ ត្រូវបានអនុវត្តលើកដំបូង នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដើម្បីអភិរក្សសត្វព្រៃ ពិសេសសត្វត្រយង ចង្កំ.ក.ស និងត្រយងយក្សដែលកំពុងមានវត្តមាននៅតំបន់នោះ។ បច្ចុប្បន្ន កម្មវិធីស្រូវនេះ កំពុងអនុវត្តនៅក្នុងតំបន់ ការពារទេសភាព និងដែនជម្រកសត្វព្រៃនៃខេត្តព្រះវិហារ, ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
ដូចគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «ការបង្កើតមុខរបរថ្មី គឺជាជម្រើសមួយដើម្បីប្រជាពលរដ្ឋទម្លាក់មុខរបរចាស់ចូលព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វមកប្រកបរបរផ្សេង ដែលមានចំណូលជាប្រចាំ និងមិនប្រឈមមុខច្បាប់។ សហគមន៍តំបន់ការពារធម្មជាតិមួយចំនួនចាប់ផ្តើមផលិត ផលិតផលសិប្បកម្មកែច្នៃមួយចំនួនលក់នៅលើទីផ្សារ ការផ្តល់សេវាទេសចរណ៍ធម្មជាតិ និងចូលរួមអនុវត្តគម្រោងលើកកម្តើងជីវភាពរបស់ខ្លួនគោលបំណង គឺកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ»។
បើតាមលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានយើងខ្ញុំ មានគោលការណ៍ផ្តល់អាហារូបករណ៍ ទៅឱ្យកូនៗរបស់ប្រជាពលរដ្ឋ នៅសហគមន៍តំបន់ការពារធម្មជាតិ ព្រោះបើសិនជាយើងមិនផ្តល់នូវការអប់រំ និងជួយដល់ជួយដល់កូនៗ របស់ប្រជាសហគមន៍ ទទួលការអប់រំខ្ពស់នោះទេ គឺពួកគាត់នៅតែរស់នៅតំបន់នេះ ហើយប្រកបដូចអ្វីដែលជីដូនជីតា ឪពុក ម្តាយរបស់គាត់ដដែល»។
លោក នេត្រ ភក្ត្រា បានបន្ថែមថា សម្រាប់កូនៗរបស់ប្រជាសហគមន៍ ដែលមានបំណងចង់បន្តការសិក្សា គឺក្រសួងនឹងផ្តល់ឱកាសដល់ពួកគាត់តាមរយៈការផ្តល់អាហារូបករណ៍ ដូច្នេះយើងជឿជាក់ថា ជំនាន់ក្រោយរបស់ប្រជាសហគមន៍ នៅពេលទទួលបានសិក្សាអប់រំ ចេះដឹងពួកគាត់នឹងមានមុខរបរថ្មី ជាពិសេសពួកគាត់មានចំណេះដឹងស្វែងយល់ពីសារៈសំខាន់នៃធនធានធម្មជាតិ ចំណុចនេះគឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ នៅក្នុងមូលដ្ឋានរបស់ពួកគាត់រស់នៅផងដែរ។
សូមបញ្ជាក់ថា គម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងត្រូវបានអនុវត្តរួមគ្នា ដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង អង្គការសន្សំម្លប់ព្រៃ សហការជាមួយ ក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនជីវភាពរបស់ប្រជាសហគមន៍ និងទប់ស្កាត់ការទន្ទ្រានដីព្រៃមិនឱ្យប្រជាសហគមន៍ រុករានចូលក្នុងដែនជម្រកសត្វព្រៃ។
តាមការបញ្ជាក់របស់លោក កែវ សុជាតិ នាយកអង្គការសន្សំម្លប់ព្រៃ បានឱ្យដឹងថា ប្រជាសហគមន៍ដែលដាំស្រូវនេះ ជាប្រភេទស្រូវផ្ការំដួល ដោយរដូវប្រមូលផលកន្លងទៅនេះ បរិមាណស្រូវប្រហែល១,៤០០តោន ត្រូវបានប្រមូលទិញ ពីប្រជាសហគមន៍ទាំងនេះ ក្នុងមួយគីឡូក្រាម តម្លៃ១.៨៥០រៀល ដែលខ្ពស់ជាងតម្លៃទីផ្សារក្នុងស្រុក៕