(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ទាក់ទងពាក់ព័ន្ធ នឹងការបញ្ជាឲ្យដោះលែងជនជាប់ចោទ ដែលត្រូវបានចាប់ខ្លួនតាមដីកា របស់ចៅក្រមជំនុំជម្រះគឺ «លោក លឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្តាល បានអះអាងថា ការបញ្ជាឲ្យដោះលែងនេះគឺ ដោយមូលហេតុទស្សនៈនៃការអនុវត្តច្បាប់របស់លោក» (នៅពេលចាប់ខ្លួនមន្ត្រីនគរបាល គឺប្រើប្រាស់ដីកាថតចម្លងដែលមាននៅហ្នឹងដើមបណ្តឹង)។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌រូបនោះបានបញ្ជាក់ដោយស្រង់សំដីលោក លឹម សុគន្ថា ថា៖ បន្ទាប់ពីមានការដោះលែង លោកព្រះរាជអាជ្ញា បានសម្រេចឲ្យមានការចាប់ខ្លួនឡើងវិញ។ លើសពីនោះទៅទៀត លោកព្រះរាជអាជ្ញា បានអះអាងយ៉ាងច្បាស់ថា «ប្រសិនបើការបញ្ជាឲ្យដោះលែងនេះមានការពាក់ព័ន្ធនឹងលាភសក្ការៈណាមួយនោះ លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយលោកនឹងធ្វើរបាយការណ៏លំអិតអំពីករណីនេះមកក្រសួង និងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៏»។
សូមជំរាបថា លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ដោះលែងជនជាប់ចោទម្នាក់ដែលត្រូវបានចាប់ខ្លួនបញ្ជូនមកតុលាការ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល។
ជនជាប់ចោទដែលត្រូវបានលោកព្រះរាជអាជ្ញា លឹម សុគន្ថា បញ្ជាឲ្យដោះលែងមានឈ្មោះ អុន អឿន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល តាមរយៈសាលក្រមលេខ ០២៥ "ង" ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ផ្តន្ទាទោសរយៈពេល១៨ខែ ពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តនៅភូមិព្រែកថ្លឹង ឃុំព្រែកកំពឹស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០ តាមមាត្រា២៥៣ នៃច្បាប់ភូមិបាល ។ រហូតមកទល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ លោកចៅក្រម អ៊ី សុវណ្ណ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ អុន អឿន ។
រយៈពេល១០ខែក្រោយមក ពោលគឺនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នគរបាលព្រហ្មទណ្ឌស្រុកកោះធំ បានចាប់ខ្លួនឈ្មោះ អុន អឿន រួចបញ្ជូនមកតុលាការខេត្តកណ្ដាលភ្លាមៗ តែត្រូវព្រះរាជអាជ្ញា លឹម សុគន្ថា បញ្ជាឲ្យដោះលែង និងក្រោយមកចាប់ខ្លួនមកវិញ៕