(សៀមរាប)៖ ជាយន្តការគំរូមួយគួរឱ្យចាប់អារម្មណ៍ក្នុងការដឹកនាំ និងអភិវឌ្ឍសហគមន៍ទេសចរណ៍ឱ្យមានការរីកចម្រើនឆាប់រហ័ស ដោយសហគមន៍បឹងឈូកបន្ទាយស្រី បានប្រើយន្តការលក់ភាគហ៊ុនក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋនៅក្នុងភូមិ និងអ្នកវិនិយោគមកពីខាងក្រៅ ដើម្បីទទួលបានទុនសម្រាប់អភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែមានភាពទាក់ទាញ។
សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី មានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប លាតសន្ធឹងលើផ្ទៃដីចំនួន ១៦៧ ហិកតា ក្នុងនោះមានផ្ទៃទឹក ៧៥ ហិកតា។ សហគមន៍នេះជាសហគមន៍គំរូមួយក្នុងចំណោមសហគមន៍គំរូទាំង ៦ នៅក្នុងខេត្តសៀមរាប ដែលវេទិកាជាតិអេកូទេសចរណ៍លើកទី២ ដឹកនាំសិក្ខាកាមទៅទស្សនកិច្ចសិក្សានាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីដកស្រង់យកបទពិសោធន៍ជោគជ័យនានា។
លោក ភួង សាវ៉ុន ប្រធានសហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី បានឱ្យដឹងថា ថវិកាដែលប្រើប្រាស់សម្រាប់ការអភិវឌ្ឍសហគមន៍ គឺបានពីការលក់ភាគហ៊ុនទៅឱ្យប្រជាពលរដ្ឋ ពិសេសគឺប្រជាពលរដ្ឋក្នុងសហគមន៍ និងអ្នកនៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រីនេះតែម្ដង ដោយមានការបែងចែកផលចំណេញប្រកដោយតម្លាភាព។ ក្នុងការទិញ-លក់ភាគហ៊ុននេះ គឺសហគមន៍មានគណៈកម្មការគ្រប់គ្រងត្រឹមត្រូវ និងមានសន្និបាតជាប្រចាំ ដើម្បីត្រួតពិនិត្យលើការអភិវឌ្ឍសហគមន៍នេះ។
ប្រធានសហគមន៍បានបន្តថា តាំងពីបង្កើតយន្តការនៃការអភិវឌ្ឍតាមវិធីលក់ភាគហ៊ុននោះមក សហគមន៍ចេះតែមានការរីកចម្រើនជាលំដាប់ ហើយតម្លៃលក់ភាគហ៊ុនក៏កាន់តែកើនឡើង និងមានការចូលរួមពីប្រជាពលរដ្ឋបន្ថែមទៀតផងដែរ ដោយរហូតមកដល់បច្ចុប្បន្នម្ចាស់ភាគហ៊ុនបានកើនឡើងដល់ជាង ៣០០ នាក់ហើយ។ លោកថា ក្នុងរយៈពេលប្រមាណ ៦ ខែ សហគមន៍ទទួលបានប្រាក់ចំណេញរួមប្រមាណ ១ ម៉ឺនដុល្លារ ដើម្បីបែងចែកទៅឱ្យម្ចាស់ភាគហ៊ុននីមួយៗ។
លោកបានបន្តទៀតថា នៅក្នុងថវិកាចំណេញរួមរបស់សហគមន៍ គណៈកម្មការក្នុងសហគមន៍តែងតែរំលែក ២០% សម្រាប់ទុកជាទុនបម្រុង ប្រើប្រាស់ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ក្នុងសហគមន៍បន្តទៀត។
លោក ភួង សាវ៉ុន បានបន្ថែមថា សហគមន៍បានលើកទឹកចិត្តទទួលកូនចៅរបស់ប្រជាសហគមន៍ ឱ្យចូលរូមបម្រើសេវាកម្មជូនភ្ញៀវទេសចរនៅសហគមន៍បឹងឈូកបន្ទាយស្រីនេះ ជាមួយនឹងការទទួលបានប្រាក់កម្រៃសមរម្យ ដែលធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើងបន្តិចម្ដងៗ។
ការបង្កើតសហគមន៍នេះ គឺដើម្បីចូលរួមអភិរក្សធនធានធម្មជាតិនៅក្នុងមូលដ្ឋាន មានដូចជា ព្រៃឈើ ពិសេសគឺព្រៃកោងកាងទឹកសាប សត្វព្រៃ សត្វស្លាប ពិសេសគឺសត្វស្លាបទឹក។ ព្រមទាំងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងសហគមន៍ ដើម្បីបញ្ជៀសការកាប់បំផ្លាញព្រៃឈើ និងប្រមាញ់សត្វនៅក្នុងតំបន់អភិរក្ស។
សហគមន៍បានគិតគូរជាចម្បងលើគុណភាពសេវាកម្មទេសចរណ៍ ការការពារសុវត្ថិភាពជូនភ្ញៀវទេសចរនៅពេលពួកគេលេងកម្សាន្តលើទឹកបឹង ការបន្ថែមផលិតផលថ្មីៗសម្រាប់បំពេញតម្រូវការជូនភ្ញៀវទេសចរឱ្យកាន់តែសម្បូរបែប ដូចជា ធ្វើផ្លូវ ស្ពាន តូបអង្គុយ (ខ្យុះ) គម្រោងបង្កើតឱ្យមានអាងព័ទ្ធជុំវិញបរិវេណលេងកម្សាន្តនៅលើទឹកបឹង ធ្វើផ្សារលើទឹក ធ្វើស្ពានដើរចូលទស្សនានៅក្នុងតំបន់ព្រៃកោងកាងទឹកសាប។ សម្រាប់ផែនការរៀបចំរចនាសម្ព័ន្ធគាំទ្រសេវាកម្មទេសចរណ៍បន្ថែមនេះទៀតសោត គឺសហគមន៍នឹងគិតគូរអំពីការរចនាលម្អប្រកបដោយភាពទាក់ទាញ។
ប្រធានសហគមន៍រូបនេះបានបញ្ជាក់ទៀតថា «ជាទស្សនទានរបស់សហគមន៍ គឺចូលរួមការពារថែរក្សាអភិរក្សជីវចម្រុះ ធនធានធម្មជាតិក្នុងបឹង ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈការបង្កើតសេវាកម្មទេសចរណ៍»។ ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងមូលដ្ឋាន និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍ ជាបំណងប្រាថ្នាចម្បងបំផុតរបស់សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី។ តាំងពីបង្កើតឱ្យមានសហគមន៍នេះឡើង សហគមន៍បានរួមគ្នាទប់ស្កាត់បទល្មើសនៅក្នុងតំបន់អភិរក្សរហូតដល់ ៩៥% ប៉ុន្តែនៅតែមានការឆ្មក់ចាប់សត្វស្លាបទឹកខ្លះពីសំណាក់ប្រជាជនមកពីមូលដ្ឋានផ្សេង។
លោក ភួង សាវ៉ុន បានថ្លែងទៀតថា ជាបទពិសោធន៍សំខាន់មួយនៅក្នុងសហគមន៍បឹងឈូកបន្ទាយស្រី កាលណាមានភ្ញៀវទេសចរចូលទៅទស្សនាក្នុងតំបន់អភិរក្សការពារព្រៃឈើ នោះការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិក្នុងតំបន់អភិរក្សនោះ តែងតែមានការថមថយគួរឱ្យកត់សម្គាល់។
សូមទស្សនាវីដេអូខ្លីដែលថតក្នុងពេលក្រុមសិក្ខាកាមចុះធ្វើទស្សនកិច្ចសិក្សានៅសហគមន៍បឹងឈូកបន្ទាយស្រី នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ៖