(ភ្នំពេញ)៖ លោក ថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៣ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំស្ថាប័នជាតិ ទេសចរណ៍អាស៊ានលើកទី៥៣ តាមប្រព័ន្ធវីដេអូខនហ្វើរិន នៅទីស្ដីការក្រសួងទេសចរណ៍រា។
កិច្ចប្រជុំដំបូងនេះមានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍អាស៊ាន លេខាធិការដ្ឋានអាស៊ាន ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មជ្ឍមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ អង្គការទេសចរណ៍ពិភពលោក សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (VISA, Agoda and Google….) ដែលមានសមាសភាពប្រមាណ ៣០០នាក់។
ដើម្បីស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងវិធាននានាសម្រាប់ជំរុញ និងទាក់ទាញទេសចរក្នុងតំបន់អាស៊ាន និងប្រទេសដៃគូអាស៊ាន ស្ថាប័នជាតិទេសចរណ៍អាស៊ានបានពិភាក្សាគ្នាដូចតទៅ៖
១៖ ការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥។ គួរបញ្ជាក់ផងដែរថា ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ (COVID-19) របស់ក្រសួងទេសចរណ៍កម្ពុជាបានគ្របដណ្តប់នៅក្នុងផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ ផងដែរ។
២៖ ការៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញនៅក្រោយវិបត្តិកូវីដ-១៩ ដែលនឹងគ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ (ដឹកនាំដោយកម្ពុជា)។
៣៖ ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ប្រទេសសមាជិកអាស៊ានមានការគាំទ្រការបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ានតាមអនឡាញ ស្របតាមប្រព័ន្ធគុណវុឌ្ឍអាស៊ាន ហើយបានគាំទ្រក្រសួងទេសចរណ៍កម្ពុជា ក្នុងការដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលអនឡាញ តាមកម្មវិធីសិក្សាអាស៊ាន (ASEAN MRA E-Learning)។
៤៖ ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ អាស៊ាននឹងដាក់ចេញឯកសារមគ្គុទ្ទេសក៏ ស្តីពីការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន។
៥៖ ការរៀបចំឲ្យមានគំនិតផ្តួចផ្តើមរួមក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ស្របតាមសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីទេសចរណ៍ឌីជីថល ដែលបានដាក់ចុះដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
៦៖ ពិភាក្សា និងពិនិត្យលទ្ធភាពធ្វើដំណើរតាមច្រករបៀងអាស៊ាន ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ស្របពេលជាមួយអាស៊ានកំពុងពិនិត្យមើលប្រសិទ្ធភាពវ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងគោលបំណងបង្កើតភាពជឿជាក់ និងទំនុកចិត្តដល់ទេសចរណ៍ក្នុងតំបន់អាស៊ាន។
សូមបញ្ជាក់ថា ឯកសារខាងលើនឹងត្រូវបានរៀបចំដាក់ឆ្លងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដើម្បីសុំការណែនាំ និងតម្រង់ទិស សម្រាប់ការអនុវត្តក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងទៀត៕