(យូអិន)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោកស្រី ម៉ាហ្គារ៉េត ចាន់ (Margaret Chan) បានមកដល់ប្រទេសប្រេស៊ីល ដើម្បីស្វែងយល់ពីវីរុស ហ្ស៊ីកា (Zika) និង ជួយរិះរកវិធីទប់ស្កាតមិនឲ្យមានការរីករាលដាលបន្ថែមទៀត។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
ការបំពេញទស្សនកិច្ចនៅប្រទេសអាមេរិកខាងត្បូងនេះ លោកស្រី ចាន់ បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតី ប្រេស៊ីល លោកស្រី ឌីលម៉ា រួសេហ្វ (Dilma Rousseff) ដោយក្នុងនោះ ស្ត្រីទាំងពីររូបបានចុះទៅពិនិត្យមើលមជ្ឈមណ្ឌល គ្រប់គ្រងជំងឺ និងហានិសភ័យនានា។ ការបំពេញទស្សនកិច្ចពីមន្ត្រីជាន់ខ្ពស់យូអិននេះ បានកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទារកជាច្រើននៅប្រេស៊ីល បានកើតមកដោយមានក្បាលតូច។
អង្គការសុខភាពពិភពលោកអះអាងថា ខ្លួននៅតែកំពុងសិក្សានៅឡើយ អំពីទំនាក់ទំនងរវាងទារកដែលកើតមក មានក្បាលតូច និង វីរុស ហ្ស៊ីកា ដែលកំពុងវាយលុក ហើយដែលបង្កឡើងដោយសត្វមូសនោះ៕