(ភ្នំពេញ)៖ លោកឧត្តមសេនីយឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានជំរុញដល់ភ្នាក់ងារសន្ដិសុខឯកទាំងអស់ ត្រូវបន្ដចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលទើបត្រូវបានកែសម្រួលថ្មី មានចំនួន៧ចំណុច ដើម្បីរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងសង្គម។
ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣១ តំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបន្ថែមទៀតថា ក្រៅពីការចូលរួមផ្សព្វផ្សាយគោលនយោបាភូមិ ឃុំ សង្កាត់មានសុវត្ថិភាពហើយនោះ ភ្នាក់ងារសន្ដិសុខឯកជនខ្លួនឯង ក៏ត្រូវចូលរួមអនុវត្តឲ្យបានល្អត្រឹមត្រូវផងដែរ ព្រោះភ្នាក់ងារសន្ដិសុខឯកជន ក៏ជាជនគំរូម្នាក់នៅក្នុងសង្គម។
បើតាមលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ពុំមែនមានត្រឹមតែបម្រើការងារដល់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានប៉ុណ្ណោះទេស គឺមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារទ្រព្យសម្បត្តិ និងអាយុជីវិតដល់ប្រជាពលរដ្ឋផងដែរ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានគូសបញ្ជាក់ថា ក្រោយឆ្លងកាត់វគ្គបំប៉នជំនាញរយៈពេល២ថ្ងៃនេះ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវយកចំណេះដឹងដែលខ្លួនទទួលបានទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ។ លោកបន្ដថា នៅពេលបំពេញភារកិច្ចត្រូវគិតថា បើទោះបីខ្លួនធ្វើការនៅក្រុមហ៊ុន ឬគ្រឹះស្ថានផ្សេងគ្នាក៏ពិតមែន ប៉ុន្ដែត្រូវធ្វើឲ្យគេគិតថា ខ្លួនជាពលរដ្ឋគំរូម្នាក់ ដោយត្រូវប្រើប្រាស់ពាក្យសម្ដី កាយវិការ ការឆ្លើយតបទៅកាន់អតិថិជនឲ្យបានសមរម្យជាដើម។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ អ៉ឺ សុខឃី បានចាត់ទុកថា ភ្នាក់ងារសន្ដិសុខឯកជន តួនាទីជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។ ប្រសិនបើខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ឬត្រូវរាយការណ៍ទៅប្រធានតំបន់ ឬមេកើយរបស់ខ្លួន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន បានចំនួន៣១លើក មាននាយ នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន១១៣នាក់ និងសិក្ខាកាម សរុបចំនួន៥,៦២០នាក់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា វគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជននេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្ដិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាពសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។
លោកប្រធាននាយកដ្ឋានបានបន្ថែមថា វគ្គបំប៉ននេះ មានគ្រូឧទ្ទេសនាមចំនួន៩រូប មកពីនាយកដ្ឋានចំនួន៤ រួមមាន នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន, នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ៕