(មណ្ឌលគិរី)៖ សាខាពន្ធដារខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងនគរបាល និងអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យនិងផាកពិន័យ ចំពោះមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ណាដែលមិនបានបង់ពន្ធតាមកាលកំណត់។ ប្រតិបត្តិការនេះ ធ្វើឡើងចាប់ពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២១។
លោក វ៉ាន វិចិត្រ អនុប្រធានការិយាល័យសវនកម្មពន្ធ នៃសាខាពន្ធដារខេត្តមណ្ឌលគិរី បានឲ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈនេះថា រយៈពេល២ថ្ងៃ ក្នុងសកម្មភាពចុះផាកពិន័យនេះ មន្រ្តីជំនាញ កត់សម្គាល់ឃើញថា យានយន្តរបស់ប្រជាពលរដ្ឋភាគច្រើនគឺសុទ្ធតែ បានបង់ពន្ធផ្លូវត្រឹមត្រូវ មានភាគតិចប៉ុណ្ណោះ ដែលពលរដ្ឋមិនបានបង់ពន្ធ និងត្រូវផាកពិន័យ។
លោកបន្តថា ចំពោះយានយន្តមធ្យោបាយដឹកជញ្ជូនដែលពុំបានបង់ពន្ធក្នុងឆ្នាំ២០២០ ឬបណ្ដាឆ្នាំកន្លងមក និងត្រូវផាកពិន័យ ដោយពុំមានការអនុគ្រោះនោះទេ ហើយការផាកពិន័យនេះធ្វើឡើងត្រឹមត្រូវតាមច្បាប់ ដោយមានការចេញចុងសន្លឹកពន្ធ ឲ្យប្រជាពលរដ្ឋនៅកន្លែងពិន័យតែម្ដង។
ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី លោក អ៊ឹង តិចណិញ បានឲ្យដឹងដែរថា មន្ត្រីជំនាញ បានចាប់ផ្ដើមផាកពិន័យទៅលើម្ចាស់យានជំនិះ ដែលមិនបានបង់ពន្ធយានជំនិះរបស់ខ្លួន ឬហៅមិនបានបង់ពន្ធផ្លូវ ដោយការផាកពិន័យនេះ គឺម្ចាស់យានជំនិះទាំងនោះ ត្រូវបង់ថ្លៃពន្ធគុណពីរ នៃតម្លៃពន្ធធម្មតា។
ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី បញ្ជាក់ថា ប្រតិបត្តិការនេះនឹងធ្វើឡើងរយៈពេល២ខែ ហើយពេលនេះក្រុមមន្ត្រីជំនាញកំពុងអនុវត្តការផាកពិន័យ នៅក្នុងក្រុងសែននោរម្យ ដោយនឹងបន្តទៅបណ្ដាស្រុកផ្សេងទៀតនៅពេលខាងមុខ រហូតគ្រប់រយៈពេល២ខែ។ លោកបានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០កន្លងទៅ សាខាពន្ធដារខេត្តមណ្ឌលគិរី ប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានចំនួនជិត២ពាន់លានរៀល ស្មើនិង១៥១.១០%នៃផែនការ ហើយតួលេខនេះបើធៀបនិងឆ្នាំ២០១៩ មានការថយចុះ១០.៧៨%។
លោក អ៊ឹង តិចណិញ បញ្ជាក់ថា ចំពោះប្រតិបត្តិការចុះត្រួតពិនិត្យ និងផាកពិន័យលើពន្ធយានជំនិះនៅទូទាំងខេត្តមណ្ឌលគិរី គឺមន្ត្រីជំនាញអនុវត្តទៅលើគ្រប់ប្រភេទយានជំនិះ មិនថារថយន្តស្លាកលេខធម្មតា ស្លាកលេខ ខម ឬ នប គឺត្រូវអនុវត្តផាកពិន័យទាំងអស់ ប្រសិនបើម្ចាស់យានជំនិះទាំងនោះ មិនបានបង់ពន្ធទាន់ពេលវេលា ពោលគឺមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះ ដែលមិនបានបង់ពន្ធ ក្រោយថ្ងៃទី៣១ វិច្ឆិកា ២០២០៕