(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្តល់នូវអនុសាសន៍ចំនួន ៨ចំណុច ដើម្បីបំពេញការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
អនុសាសន៍ទាំង ៨ចំណុចនេះរួមមាន៖
*ទី១៖ ពង្រឹងវិន័យការងារ និងក្រមសីលធម៌ ដោយត្រូវវត្តមានឱ្យបានជាប់ និងបន្តបំពេញការងារជាធម្មតាដោយត្រូវប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ដូចជាតាមដានព័ត៌មាន និងស្រាវជ្រាវឯកសារ ដើម្បីពង្រឹងសមត្ថភាព។
*ទី២៖ ដោយសារការផ្សព្វផ្សាយច្បាប់ ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តការអប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយគ្រប់២៥ រាជធានី-ខេត្ត។
*ទី៣៖ ត្រូវបន្តជំរុញឆ្លងសេចក្តីព្រាងច្បាប់អធិការកិច្ច ដែលក្រសួងបានតាក់តែងរួច ដោយបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យច្បាប់នេះត្រូវបានអនុម័ត។
*ទី៤៖ ត្រូវអនុវត្តបន្តនូវកម្មវិធី ទទួលពាក្យបណ្តឹងអនឡាញ និងបណ្ណាល័យ អេឡិចត្រូនិក (អ៊ីឡាយប្រ៊ែរី) ដែលតាមរយៈកម្មវិធីទាំងនោះប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងអាចមើលឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល។ ការអនុវត្តកម្មវិធី គឺជាការសម្រួលការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
*ទី៥៖ ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេត ស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈ ការរកព័ត៌មានឱ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។ រាល់ពាក្យបណ្តឹងដែលបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយត្រូវតាមដាន ស៊ើបសួរព័ត៌មានអំពីវឌ្ឍភាព នៃការដោះស្រាយឱ្យបានច្បាស់លាស់ និងទាន់ពេលវេលារួចជូនព័ត៌មានទៅដើមបណ្តឹងវិញ។
*ទី៦៖ មន្ត្រីរាជការក្នុងក្រសួង និងមន្ទីរទាំងអស់ត្រូវស្វែងយល់អំពីច្បាប់ និងបទបញ្ញត្តិនានាដែលពាក់ព័ន្ធនឹងការងារស្នូលរបស់ក្រសួង ដើម្បីបង្កើនសមត្ថភាព និងមានលទ្ធភាព បកស្រាយ ពន្យល់ ពិភាក្សាវែកញែក ក្នុងការបំពេញភារកិច្ច ជាពិសេស ក្នុងការងារអធិការកិច្ច ដោះស្រយពាក្យបណ្តឹង តាមដានការអនុវត្តច្បាប់ និងផ្សព្វផ្សាយច្បាប់។
*ទី៧៖ វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវពង្រឹងគុណភាពបណ្តុះបណ្តាល ជាពិសេស ពង្រឹងសមត្ថភាពគ្រូ។
*ទី៨៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅរាជធានី-ខេត្ត ពង្រឹងកិច្ចសហការ និងទំនាក់ទំនងឱ្យបានល្អជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរួមគ្នាបំពេញការងារ ជាពិសេសការដោះស្រាយពាក្យបណ្តឹង៕