(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា វិស័យអធិការកិច្ច គឺជាវិស័យដែលមិនអាចខ្វះបាន និងធ្វើជាសេនាធិការឱ្យ រាជរដ្ឋាភិបាលសំដៅទប់ស្កាត់បាតុភាពអសកម្ម អំពើពុករលួយ ការរំលោភដោយអំណាច ដើម្បីបម្រើប្រជាពលរដ្ឋ និងបង្កើនជំនឿជាក់មកលើរាជរដ្ឋាភិបាល។
ការបញ្ជាក់បែបនេះរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកស្រី បានអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានរួមគ្នាយ៉ាងសកម្មក្នុងការបំពេញការងាររបស់ខ្លួន ដែលបានសម្រេចបាននូវលទ្ធផលគួរជាទីមោទន នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា វិស័យអធិការកិច្ច គឺតម្រូវឱ្យមន្ត្រីអធិការកិច្ចត្រូវបន្តពង្រឹងសមត្ថភាព ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញតម្លាភាព និងគណនេយ្យភាព និងរៀបចំអនុវត្តន៍ យុទ្ធសាស្ត្រ អភិវឌ្ឍសមត្ថភាពឱ្យបានទូលំទូលាយ ដោយឈរលើគោលការណ៍ស្មោះត្រង់ និងយុត្តិធម៌ ដើម្បីធានានូវប្រសិទ្ធភាព នៃសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើនេះ លោកស្រី ម៉ែន សំអន ក្នុងនាមជារដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងក៏បានតម្លើងកម្មវិធីទទួលពាក្យបណ្តឹងអនឡាញ និងបណ្ណាល័យអេឡិចត្រូនិក (អ៊ីបណ្ណាល័យ) ដែលប្រជាពលរដ្ឋ អាចនឹងដាក់ពាក្យបណ្តឹង និងមើលឯកសារច្បាប់នានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួលនៅក្នុងដំណាក់កាលនៃកាវិវត្តន៍ វិស័យឌីជីធល និងដើម្បីបម្រើសេវាកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ៕