(បន្ទាយមានជ័យ)៖ លោក ប៉ៃ សំបូរ អគ្គលេខាធិកា នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលទីស្តីការគណៈរដ្ឋមន្ត្រី តំណាងលោក កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចែកអំណោយកាតាប សម្ភារសិក្សា ពីមូលនិធិចិនកាត់បន្ថយភាពក្រីក្រចំនួន៦៥៧៥កញ្ចប់ ជូនដល់សិស្សានុសិស្សចំនួន៦៥៧៥នាក់ ដែលកំពុងសិក្សាសាលាបឋមសិក្សា ចំនួន២៩ទូទាំងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងពិធីប្រគល់សម្ភារសិក្សានោះ ក៏មានការចូលរួមពីសំណាក់លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីអភិបាលរង ក្រុងស្ថាប័នពាក់ព័ន្ធផងដែរ។
លោកស្រី រស់ សុផានី បានថ្លែងអំណរគុណមូលនិធិចិនកាត់បន្ថយភាពក្រីក្រ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានចូលរួមលើកស្ទួយវិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការឧបត្ថម្ភគាំទ្រជាសម្ភារ សិក្សាដល់ក្មួយៗសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត់មិនមានលទ្ធភាពទិញសម្ភារសម្រាប់សិក្សា។
លោកស្រីបន្តថា «ក្រោយពីទទួលបានសុខសន្តិភាព ខេត្តបន្ទាយមានជ័យមានការរីកចម្រើនលើគ្រប់វិស័យ ជាក់វិស័យអប់រំសាលារៀន បានរីកដុះដាលគ្រប់ទីកន្លែងងាយស្រួលដល់សិស្សានុសិស្ស បានសិសក្សារៀនសូត្រស្រួលក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោក ប៉ៃ សំបូរ បានលើកឡើងថា ប្រភពនៃចំនេះដឹងគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្មួយៗ ការខិតខំសក្សារៀនសូត្រក្រេបយកចំណេះដឹង ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ពិតណាស់ការខិតខំប្រឹងប្រែងតែងតែទទួលបានជោគជ័យ ហើយគ្មានជោគជ័យណាកើតចេញពីការមិនខិតខំប្រឹងប្រែងនោះទេ។ ដូច្នេះក្មួយៗសិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង ពិសេសត្រូវមានការសិក្សារៀនសូត្រ ស្រាវជ្រាវ មេរៀនតាមប្រព័ន្ធអ៉ីនធឺណិតដែលជាចំណេះដឹងបន្ថែម។
ទន្ទឹមនឹងជាមួយនោះ លោក ប៉ៃ សំបូរ ក៏បានជំរុញណែនាំដល់ក្មួយៗជាសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាឃាតកលាក់មុខយ៉ាងសាហាវ ដែលធ្វើឲ្យអ្នកដែលបានប្រើប្រាស់ក្លាយ ជាមនុស្សមួយផ្សេងៗទៀតធ្វើឲ្យបាត់បងសតិអារម្មណ៍ ហ៊ានធ្វើអ្វីទាំងអស់។
មួយវិញទៀតវាធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារ និងសង្គមជាតិទាំងមូលថែមទៀតផង។ មួយវិញទៀត ដោយបច្ចុប្បន្ននេះពិភពលោកកំពុងជួបវិបត្តិជម្ងឺរាតត្បាតសកលកូវកូវីដ១៩ លោក បានណែនាំបន្ថែមដល់សិស្សានុសិស្សត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ មុនពេល ឬក្រោយពេលប៉ះពាល់សត្វ ឬរបស់របរអ្វីមួយត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល សម្លាប់មេរោគជាត្រូវពាក់ម៉ាស់ និងត្រូវមានគម្លាតពីយ៉ាងតិច១ម៉ែត្រកន្លះ។