(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសម្អាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ក្រុមប្រឹក្សាឃុំត្រពាំងវែង រួមជាមួយប្រជាពលរដ្ឋក្រីក្រ និងស្រ្តីទើបសម្រាលកូនចំនួន ៦១គ្រួសារ ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹងផងដែរ។
ប្រធានគណៈទី១០ព្រឹទ្ធសភាបានបន្តថា អាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យយើងអាចឆ្លងផុតប្រកបដោយសុវត្ថិភាពនូវការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។
លោកថា នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំទាន់ទ្វេសប្រហែស ហើយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាអនាម័យ តាមរយៈការលៀងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគម្លាត និងពាក់មាស់ជាប្រចាំ «យើងអាចភ្លេចជំងឺកូវីដ១៩ តែជំងឺនេះ មិនដែលភ្លេចយើងទេ»។ ចំពោះស្ត្រីដែលទើបសម្រាលកូន ត្រូវប្រុងប្រយ័ត្នការប្រែប្រួលអាកាសធាតុ និងមូស(ខ្លា)ខាំ។
លោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឃុំត្រពាំងវែង ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ និងចាត់វិធានការឱ្យបានតឹងរឹងចំពោះប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក ហើយបានចូលមកវិញ។ ជាមួយគ្នានេះ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បតិ្ត ៧យ៉ាង និងជម្រុញចលនាអប់រំមហាជនដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ជាពិសេសអនុវត្តឱ្យបានទូលំទូលាយនូវ ខ្លឹមសារទិសស្លោក បីកុំ មួយរាយការណ៍។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំត្រពាំងវែង ចំនួន ៣,៣០០ដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍឃុំ ភូមិ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូនទាំង៦១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល។
ចប់កម្មវិធីសំណេះសំណាល និងចែកអំណោយ លោក ម៉ម ប៊ុននាង បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលកំពុងសម្រាកព្យាបាលជំងឺដល់ខ្នងផ្ទះចំនួន ៤គ្រួសារ និងបានឧបត្ថម្ភថវិកាក្នុង១គ្រួសារៗចំនួន ១០០,០០០រៀល សារុងមួយ ភួយមួយ និងអង្ករមួយប៉ាវ។ ទន្ទឹមនោះ ឯកឧត្តមបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារប្រជាពលរដ្ឋ ដែលទើបទទួលមរណភាពចំនួន ៣គ្រួសារ និងបានចូលបច្ច័យបុណ្យក្នុង១គ្រួសារថវិកា ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ១០,៩៩២,៥០០រៀល(ដប់លាន ប្រាំបួនសែន ប្រាំបួនម៉ឺនពីរពាន់ប្រាំរយរៀល) និង៣,៣០០ (បីពាន់បីរយដុល្លារអាមេរិក)៕