(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស លោក អ៊ុ រីណា ប្រធាននាយកដ្ឋានឧតុនិយម និងក្រុមបច្ចេកទេសជំនាញការកូរ៉េ បានចុះពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិថ្មី (Automatic Weather Station) នៅក្នុងបរិវេណទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់)។
សូមជម្រាបជូនថា ក្រោមការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អរវាងនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) ជាមួយនឹងរដ្ឋបាលឧតុនិយមកូរ៉េ (KMA) និងវិទ្យាស្ថាន ឧតុនិយម នៃសាធារណៈរដ្ឋកូរ៉េ (KMI), កម្ពុជាបានទទួលជំនួយឥតសំណងនូវស្ថានីយឧតុនិយមស្វ័យប្រវត្តិ Automatic Weather Station (AWS) ចំនួន២៧ស្ថានីយ ដែលត្រូវតម្លើងនៅទីតាំងសំខាន់ៗក្នុង១១រាជធានី-ខេត្ត។
សកម្មភាពតម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិ (AWS) បានចាប់ផ្តើមអនុវត្តបន្ទាប់ពីឧបករណ៍បានមកដល់នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលរហូតមកដល់ថ្ងៃនេះបានតម្លើងរួចចំនួន១០ស្ថានីយ ក្នុង៦រាជធានី-ខេត្ត ហើយនឹងបញ្ចប់ការងារតម្លើងទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។
ការតម្លើងស្ថានីយឧតុនិយមស្វ័យប្រវតិ្តបន្ថែមទៀតនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧតុនិយម ដែលធ្វើឱ្យការទទួលទិន្នន័យធាតុអាកាសកាន់តែលម្អិតល្អប្រសើរ ដើម្បីបម្រើដល់ការព្យាករ ក៏ដូចជាការជូនដំណឹងធាតុអាកាសដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបជាព័ត៌មានបានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា៕