(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះពិនិត្យជាក់ស្ដែងដើម្បីរៀបចំបែងចែកកំណត់ក្បាលដី និងចាប់ឆ្នោតយកដីឡូតិ៍ជូន អតីតយុទ្ធជន នាពេលខាងមុខ។
សូមបញ្ជាក់ថា ដីទំហំ១៩៧៨ហិកតា ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានរដ្ឋទុកចាត់ចែងចែកជូនបងប្អូនអតីតយុទ្ធជន ដែលគ្មានដី និងផ្ទះសម្បែង។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំ និងពង្រឹងដល់រដ្ឋបាលមូលដ្ឋានឲ្យរឹតបន្តឹងចំពោះរំលោភយកដីសម្បទានសង្គមកិច្ច ដែលជាដីបម្រុងទុកសម្រាប់ចែកជូនអតីតយុទ្ធជនចំនួន១៩៧៨ហិចតា ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញមួយចំនួន ដែលកាន់កាប់កន្លងមកខុសច្បាប់ ហើយសូមប្រគល់ជូនរដ្ឋវិញ ដើម្បីធ្វើការរៀបចំបែងចែកកំណត់ក្បាលដី និងចាប់ឆ្នោតយកដីឡូតិ៍នៅពេលខាងមុខឆាប់ៗនេះ ជូនដល់អតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ និងមានជីវភាពខ្វះខាតពិតប្រាកដ។
លោកបញ្ជាក់ថា «បញ្ហាដីសម្បទានសង្គមកិច្ចនេះ កន្លងមកយើងបានធ្វើការប្រជុំរួចមកហើយ ប៉ុន្តែដោយសារយើងមិនទាន់បានបញ្ជូនគ្រឿងចក្រ ដើម្បីកាយព្រំដី ដែលជាឱកាសធ្វើឲ្យប្រជាពលរដ្ឋ និងឈ្មួញមួយចំនួន រំលោភយកដីនេះជាបន្តបន្ទាប់។ នេះគឺជាបញ្ហាដែលយើងត្រូវធ្វើការដោះស្រាយ ហើយយើងត្រូវប្ដេជ្ញាធ្វើកិច្ចការនេះឲ្យបានជោគជ័យ»។
បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សារួចមក ក្រុមការងារ បានចុះពិនិត្យមើលជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមបន្តទៀត៕