(ស្វាយរៀង)៖ សាលារៀនជំនាន់ថ្មីទទួលបានការគាំទ្រពីមាតាបិតាសិស្ស និងសិស្សានុសិស្សនៅវិទ្យាល័យគោកព្រីង និងសាលាបឋមសឹក្សាស្វាយប្រហួត ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយសារកម្មវិធីសាលាជំនាន់ថ្មីបាន ផ្តល់ឱកាសឲ្យសិក្សាស្វ័យសិក្សាដោយខ្លួនឯង និងមិនមានការបំប៉នបន្ថែមដោយការបង្រៀនគួរនោះទេ ហើយសិស្សអាចជ្រាបចូលថ្នាក់ឧត្តមសិក្សាបានដោយងាយស្រួលផងដែរ។
ទន្ទឹមនឹងនេះមាតាបិតាសិស្សមួយចំនួនតូច ក៏មិនទាន់យល់ច្បាស់អំពីគោលបំណងសាលារៀនជំនាន់ថ្មីនោះដែរ តែមន្ត្រីក៏បានជម្រាបជូនអំពីចក្ខុវិស័យដូចជា គោលបំណងនៃសាលារៀនជំនាន់ថ្មីជូនដល់មាតាបិតាសិស្ស ហើយសូមឱ្យមានការចូលរួមទាំងអស់គ្នាដើម្បីជំរុញលើកកម្ពស់វិស័យអប់រំនៅកម្ពុជាទទួលទទួលបានគុណភាព និងសមត្ថភាពដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។
ផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង លោកគ្រូ គង់ ណារិន នាយកសាលាវិទ្យាល័យគោកព្រីង បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយស្ដីពីសាលារៀនជំនាន់ថ្មី ក្នុងគោលបំណងពង្រឹងគុណភាពនៅក្នុងប្រព័ន្ធអប់រំទាំងមូល។ ក្រសួងបានដាក់ឲ្យអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដែលជាលំនាំបន្តពីកម្មវិធីសាលារៀនកុមារមេត្រីប៉ុន្តែកម្រិតអនុវត្តប្រកបដោយស្តង់ដារគុណភាពខ្ពស់។ ជាក់ស្ដែងសាលារៀនវិទ្យាល័យគោកព្រីង និងសាលារៀនបឋមសិក្សាស្វាយប្រហួត ត្រូវបានដាក់បញ្ចូលឲ្យក្លាយជាសាលារៀនជំនាន់ថ្មីនៅឆ្នាំ២០១៦ ហើយក៏ជាតំបន់ជនបទ ដែលទទួលបានការគាំទ្រពីមាតាបិតាសិស្ស និងសិស្សាសិស្សក្នុងការអនុវត្តកម្មវិធីនេះផងដែរ។
លោកនាយកបានបន្តថា សាលារៀនទាំងពីរនេះក្រុមប្រឹក្សាភិបាលរបស់ក្រសួងអប់រំបានវាយតម្លៃជាប់ រហូតដល់បច្ចុប្បន្ននេះ ហើយក៏បានផ្សព្វផ្សាយជូនដំណឹងដល់មាតាបិតាសិស្សដើម្បីឲ្យយល់ជ្រួតជ្រាប អំពីអត្ថប្រយោជន៍ នៃការបង្កើតសាលានេះឡើងផងដែរ។ លោកនាយកបានបន្ថែមថា សម្រាប់ការវាយតម្លៃទៅលើការបង់ប្រាក់ដល់សាលា គឺបានចំនួន ៦៥ដុល្លារក្នុងមួយឆ្នាំ សម្រាប់សិស្សម្នាក់ តែបើក្នុងគ្រួសារនោះមានកូន ២នាក់គឺបង់ត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះ ហើយសម្រាប់សិស្សដែលក្រីក្រដោយមានការបញ្ជាក់ពីអាជ្ញាធរដែនដី គឺខាងសាលាមិនយកថវិកានោះទេ។
លោកបានបន្ថែមថា ថវិកាដែលបានមកពីបដិភាគពីមាតាបិតាសិស្សនោះ គឺត្រូវយកទៅដាក់នៅធនាគារ ហើយរាល់ការចំណាយនៅក្នុងសាលាគឺមានស្នើសុំពីក្រុមប្រឹក្សាភិបាលថ្នាក់ខេត្ត ហើយក៏មានអង្គការ kAPE ជាអ្នកឃ្លាំមើលតាមដានពិនិត្យវាយតំលៃការចំណាយត្រឹមត្រូវ និងមានតម្លាភាពក្នុងការបម្រើសេចក្តីត្រូវការរបស់សិស្សានុសិស្ស ហើយបច្ចុប្បន្ននេះសាលាមានសមិទ្ធផលជាច្រើនរួមនឹងការបំពាក់ដោយបរិក្ខារសិក្សាទំនើប កម្មតាមថ្នាក់រៀន រួមទាំងមានម៉ាស៊ីនព្រីន ដើម្បីព្រីនឯកសាររបស់សិស្សដោយមិនគិតថ្លៃ។ ក្នុងនោះក៏មានការដាំបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមកង្កែបនិងមានសួនច្បារដ៏ស្រស់ស្អាតផងដែរ។
លោកគ្រូនាយកក៏បានអំពាវនាវឲ្យមាតាបិតាសិស្ស ចូលរួមសហការជាមួយសាលាក្នុងគោលបំណង ដើម្បីទទួលបានការវិនិយោគខ្ពស់ ផ្សារភ្ជាប់នឹងស្តង់ដារថ្មី មានគណនេយ្យភាពអភិបាលកិច្ចល្អ ព្រមទាំងស្តង់ដារវិជ្ជាជីវៈសម្រាប់ ការសិក្សា នៅក្នុងទសវត្សរ៍២១នេះ។
លោក ហ៉ិន ស៊ីនហួន អនុប្រធានអង្គការខេប (KAPE) និងជាសមាជិកក្រុមប្រឹក្សាភិបាលថ្នាក់ជាតិនៃក្រសួងអប់រំ បានឲ្យដឹងថាសាលាជំនាន់ថ្មីនេះ កម្មវិធីសិក្សារបស់សិស្សមានកើនច្រើនជាង កម្មវិធីអនុវត្តចាស់ ក្នុងមួយសប្តាហ៍ជាង ៤០ម៉ោងសម្រាប់មធ្យមសិក្សា និង ៣៦ម៉ោងក្នុងមួយសប្តាហ៍នៅកម្រិតបឋមសិក្សា។ សិស្សត្រូវមកសិក្សាក្នុងមួយថ្ងៃ ២ពេល ៧ម៉ោងក្នុងមួយថ្ងៃ នៅពេលម៉ោង ទ្រឹស្តីចប់ សិស្សនឹងបន្តទៅម៉ោងអនុវត្ត (ក្លឹបសិក្សាស្រាវជ្រាវ ក្លឹបសិក្សាអាជីព ក្រុមប្រឹក្សាយុវជននិងកុមារ និងអ្នកពិគ្រោះយោបល់ផងដែរ។
«សាលាជំនាន់ថ្មីនេះ មិនមែនចម្លងពីគេនោះទេ យើងក៏បានដឹងថាពីបរិបទនៃការ ប្រកួតប្រជែងទីផ្សារ ការប្រកួតសេដ្ឋកិច្ច ធនធានមនុស្សជាលក្ខណៈសំខាន់ក្នុងការប្រកួតប្រជែង យើងចង់បាន ស្តង់ដារខ្ពស់ មានការប្រកួតប្រជែង»។ នេះបើតាមលោកអនុប្រធាន។
លោកបានបន្តថា អត្ថប្រយោជន៍នៃសាលាជំនាន់ថ្មី ចំពោះសិស្ស គឺសិស្សមានការកែប្រែឥរិយាបថ ក្រោយពេលដែលយើងបំពាក់សម្ភារសិក្សា បរិយាកាសសិក្សា ដោយកែប្រែទម្លាប់ដើរលេងច្រើន មកជាការខិតខំប្រឹងប្រែងរៀនសូត្រ។ ជាលទ្ធផលគាត់មិនត្រឹមតែទទួលបានចំណេះដឹងនោះទេ សិស្សមានការប្រកួតប្រជែងពេលចូលរួមជាមួយបរទេស នេះជាមោទនភាពមួយរបស់កម្ពុជា។
លោកបានបន្តថា ការបង់វិភាគទានសម្រាប់សិក្សាមិនមែនជាការតម្រូវនោះទេ តែជាការឯកភាពទាំង ស្រុងរវាងមាតាបិតាសិស្ស មិនកំណត់ក្នុងការបង់នោះទេ (មិនកំណត់តម្លៃ) ទៅតាមតំបន់និងទីតាំង ហើយថវិកានោះ គឺបម្រើដល់កម្មវិធីសិក្សាសាលាជំនាន់ថ្មី ទាំងហេដ្ឋារចនាសមន្ធ័និងកម្មវិធីសិក្សា។ សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយដែលក្រសួងអប់រំបានដាក់ឲ្យអនុវត្ត ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥។ ការអនុវត្តនេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។
លោកបានបន្ថែមថា ការវាយតម្លៃរបស់ក្រុមការងារប្រឹក្សាភិបាលសាលាជំនាន់ថ្មីនៃក្រសួងអប់រំរយៈពេលពីរថ្ងៃនេះ បានឲ្យសាលាវិទ្យាល័យគោកព្រីង និងសាលាបឋមសិក្សាស្វាយប្រហួតដំណើរការសាលាជំនាន់ថ្មីបន្តទៀត ដោយមើលឃើញថាសាលាមានលទ្ធភាព និងគុណភាពអាចបន្តវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំ តាមស្តង់ដារសាលារៀនជំនាន់ថ្មីបាន។
លោកបានបញ្ជាក់ថា បច្ចុប្បន្នមានសាលាចំនួន១១ហើយ កំពុងដាក់ឲ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យសម្តេចជាស៊ីមព្រែកអញ្ចាញ វិទ្យាល័យហ៊ុនសែនពាមជីកង អនុវិទ្យាល័យគោកព្រីង សាលាបឋមសិក្សាហ៊ុនសែនកំពង់ចាម សាលាបឋមសិក្សាព្រះរាជអគ្គមហេសី សាលាបឋមសិក្សាអង្គរបាន សាលាបឋមសិក្សាស្វាយព្រហូត និងសាលារៀនយុគន្ធរ។
យោងតាមស្ថិតិនៃការប្រឡងបានបង្ហាញឲ្យឃើញថា លទ្ធផលប្រលងបាក់ឌុបកន្លងទៅរវាងសិស្ស ដែលរៀនតាមកម្មវិធីសិក្សាចាស់ និងសិស្សរៀនតាមកម្មវិធីសិក្សាថ្មីនេះមានការខុសគ្នាច្រើន ពោលសិស្សរៀនតាមកម្មវិធីសិក្សាថ្មីមានអត្រាជាប់ខ្ពស់ជាងសិស្សរៀនតាមកម្មវិធីសិក្សាចាស់។ ការអនុវត្តកម្មវិធីសិក្សាថ្មីនេះ បានធ្វើឲ្យមានការពេញចិត្តពេញថ្លើមខ្លាំងពីសិស្ស និងអាណាព្យាបាលផងដែរ ដោយបានធ្វើឲ្យចំណេះដឹងទទួលបានមានភាពល្អប្រសើរខ្លាំង បើធៀបជាមួយកម្មវិធីសិក្សាចាស់៕