(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា វិនិយោគទុនក្នុងស្រុក បានដើរតួនាទីយ៉ាងសំខាន់ទី១ ដែលនៅជាប់កម្ពុជាជានិច្ច។
នៅឆ្នាំ២០២០ កន្លងទៅកម្ពុជាទទួលបានគម្រោងវិនិយោគ សរុបចំនួន ២៣៨គម្រោង សរុបទុនវិនិយោគចំនួន ជាង៨,២៥០លានដុល្លារ ក្នុងនោះការវិនិយោគក្នុងស្រុកមាន ៤ ១៩៨លានដុល្លារ និងវិនិយោគពីបរទេស ៤ ០៥២លានដុល្លារ។
លោក សុខ ចិន្ដាសោភា លើកឡើងថា «ជាធម្មតា គឺមិនមានអ្នកដឹងពីទុនវិនិយោគសំខាន់របស់យើងនោះទេ ដោយដឹងតែទុនវិនិយោគពីបរទេស ដូចជាទុនវិនិយោគមកពីចិន ឬមកពីបណ្ដាលប្រទេសផ្សេងទៀតផងដែរ។ ប៉ុន្តែតាមពិតទៅប្រភពទុនវិនិយោគសំខាន់ទី១ គឺទុនវិនិយោគក្នុងស្រុកផ្ទាល់»។
លោកបញ្ជាក់ថា «យើងមិនដឹងពីតួនាទីដល់សំខាន់របស់ធុរជន និងអ្នកវិនិយោគិនជាតិរបស់យើង ជាក់ស្ដែងយើងឃើញអចលនទ្រព្យ អាគារដែលកំពុងសាងសង់ និងឃើញដាក់ប៉ាយជាអក្សរចិន ប៉ុន្ដែបុរីមួយចំនួនធំ គឺសុទ្ធសឹងជារបស់ខ្មែរទាំងអស់ ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញជាដើម»។
ចំពោះវិស័យកសិកម្ម ដែលបច្ចុប្បន្នមានសន្ទុះគ្រប់ផ្នែក ដូចជាស្រូវដែលផលិតច្នៃជាអង្ករសម្រាប់នាំចេញ ភាគច្រើនជាខ្មែរទាំងអស់។ ការកែច្នៃស្វាយ និងចេក ដែលពីមុនចាប់ផ្តើមដោយវិនិយោគិនកូរ៉េ និងចិន ប៉ុន្តែពេលនេះវិនិយោគិនខ្មែរ កំពុងចូលរួមយ៉ាងសស្រាក់សស្រាំផងដែរ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ បានទទួលស្គាល់អំពីតួនាទីដ៏មានសារសំខាន់របស់អ្នកវិនិយោគ និងធុរជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម និងស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «បរទេសកម្ពុជាត្រូវការ និងចង់បានហើយ តែធ្វើយ៉ាងណាកុំចោលបងប្អូនក្នុងស្រុក មានបញ្ហាអ្វីបរទេសរត់ចោលកម្ពុជា តែផ្ទុយទៅវិញបងប្អូនអ្នកវិនិយោគកម្ពុជា គឺនៅជាមួយគ្នាកម្ពុជាជាដរាប»៕