(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញនូវការជឿជាក់ថា ក្រោមកិច្ចសហការល្អ រវាងក្រសួងបរិស្ថាន និងអង្គការ USAID នឹងធ្វើឱ្យតំបន់ផ្សេងៗ រួមទាំងតំបន់ព្រៃឡង់ ដែលមានផ្ទៃដី ៤៣ម៉ឺនហិកតា និងតំបន់នៅព័ន្ធជុំវិញនេះនឹងអាចរៀបចំផែនការលក់ឥណទានកាបូនបាន។

ការលើកឡើងរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងបន្ទាប់ពីកម្ពុជា បាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូន ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិនានា ដែលកម្ពុជាមាននៅសេសសល់បរិមាណច្រើន ហើយបើគិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១.៦លានដុល្លារ។ ថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

ឥណទានកាបូន គឺជាឯកតាហិរញ្ញវត្ថុនៃការវាស់វែង តាងដោយការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដែលសមមូលឧស្ម័នកាបូនិក ចំនួន១តោនពីបរិយាកាស។ ប្រទេសអភិវឌ្ឍនៅលើសាកលលោក ដែលជាប់កាតព្វកិច្ចចូលរួមកាត់បន្ថយការបញ្ចេញកាបូន ត្រូវចំណាយថវិកាទិញឧស្ម័នកាបូនពីប្រទេស កំពុងអភិវឌ្ឍ ឬអភិវឌ្ឍតិចតួច ដើម្បីឱ្យប្រទេសក្រីក្រទាំងនេះ រក្សាព្រៃឈើដែលជាអាងស្តុកកាបូន ក្នុងការទប់ស្កាត់ ស្រូបទាញយកនូវឧស្ម័នកាបូនិក ដែលជះឥទ្ធិពលអាក្រក់ជំរុញឱ្យមានការកើនឡើងកម្ដៅ។

រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ នៅក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននឹងកំពុងតែធ្វើការជាមួយអង្គការ USAID ព្រៃឡង់បៃតង ក្នុងការលក់ឥណទានកាបូននៅក្នុងតំបន់នេះ យើងធ្វើនៅក្នុងទិសខេត្តស្ទឹងត្រែង ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុន និងអង្គការ CI ដើម្បីអនុវត្តនូវគម្រោងទាំងអស់នេះ[...] ជាមួយនឹងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងបរិស្ថាន និងអង្គការ USAID ព្រៃឡង់បៃតង យើងជឿជាក់ថា តំបន់ផ្សេងៗទៀត នៅក្នុងតំបន់ព្រៃឡង់ដែលមានផ្ទៃដី ៤៣ម៉ឺនហិកតា ហើយនឹងតំបន់នៅព័ន្ធជុំវិញនេះ យើងនឹងអាចរៀបចំផែនការលក់ឥណទានកាបូន»

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថា មុននឹងទិញឥណទានកាបូននេះ គឺមានការវាយតម្លៃច្បាស់លាស់ ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជា អនុវត្តដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើតំបន់ការពារធម្មជាតិដែលសំបូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត។

បើតាមលោក Matthew Edwardsen ប្រធានគម្រោងព្រៃឡង់បៃតង របស់អង្គការ USAID បានលើកឡើងថា បច្ចុប្បន្ននេះ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង យើងមានក្រសួងបរិស្ថាន កំពុងតែធ្វើការងារជាមួយក្រុមហ៊ុនជប៉ុន ឈ្មោះ «Mitsui» ដែលអង្គការដៃគូរអនុវត្តគម្រោងនេះ គឺមានអង្គការអភិវឌ្ឍន៍អន្តរជាតិ CI បានរៀបចំឯកសារគម្រោងរួចរាល់ហើយ ដែលក្នុងរយៈពេល១៨ខែ យើងអាចនាំយកចំណូលពីការលក់ឥណទាកាបូនបាន»។

លោក Matthew Edwardsen បានបន្តថា ដោយឡែកសម្រាប់ដែនជម្រកខ្ពស់រាបខាងជើង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព, ដែនជម្រកសត្វព្រៃឆែបព្រះរកា និងតំបន់ការពារបេតិកភណ្ឌភ្នំត្បែង គឺអង្គការ USAID កំពុងតែសហការជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអង្គការ WSF កំពុងតែរៀបចំគម្រោងរួចហើយ ដោយសង្ឃឹមថា ក្នុងរយៈពេល១៨ខែ ឬ ២៤ខែខាងមុខ នឹងលក់អាចលក់កាបូនសម្រាប់ការទ្រទ្រង់និរន្តរភាពនៃការអភិរក្សធនធានធម្មជាតិ ដូច្នេះ សង្ឃឹមថា ត្រឹមឆ្នាំ២០២៣ ដែលគម្រោងព្រៃឡង់បៃតង បានបញ្ចប់នឹងអាចរកចំណូលពីការលក់ឥណទានកាបូនបាន។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ការសម្រេចទិញឥណទានកាបូនពីកម្ពុជា របស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។ អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ក្រសួងបរិស្ថានមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាម រយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដី តាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកា ដែលបានមកពីការលក់ឥណទានកាបូន ត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ច សម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់នោះ។

មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧.៣លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS និងគម្រោង USAID ព្រៃឡង់បៃតង រៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់តំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំពក-ភ្នំត្នោត និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយពីធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃនៅកម្ពុជា រួមទាំងកិច្ចការថែរក្សា អភិរក្សធនធានធម្មជាតិនៅកម្ពុជា របស់ក្រសួងបរិស្ថាន និងអង្គការដៃគូ៕