(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បានចេញបំភ្លឺបកស្រាយ ទាក់ទងនឹងការសរសេរប័ណ្ណផាកពិន័យខុសរបស់សមត្ថកិច្ច ដែលធ្វើឲ្យមានការចុះផ្សាយយល់ច្រឡំរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Sary Sa។

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺថា កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣៖៤៧នាទីយប់ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលកំពុងតែដាក់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យសារធាតុស្រវឹង បានធ្វើការឃាត់ម៉ូតូ ១គ្រឿង ម៉ាកហុងដា Zoomer X ពាក់ផ្លាកលេខ កណ្តាល 1X-៨៤៦៤ ដែលល្មើសបើកបរម៉ូតូមានអតរាជាតិស្រវឹង0.32 mg/L។ ករណីម៉ូតូល្មើសច្បាប់នេះ បើកបរដោយឈ្មោះ វ៉ាន់ វុធ ភេទប្រុស ដោយសមត្ថកិច្ចបានយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

លុះដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨៖៣០នាទីព្រឹក ឈ្មោះ ម៉ូវ សារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ដែលជាម្ចាស់ម៉ូតូ បានចូលខ្លួនមកបង់ប្រាក់ពិន័យចំនួន ២៥០,០០០រៀល តែពេលនោះដោយបង្កាន់ដៃបង់ប្រាក់មានចំនួន០២ក្បាល ដាក់នៅជិតគ្នា មន្រ្តីចរាចរណ៍បានសរសេច្រឡំ យកបង្កាន់បង់ប្រាក់ដែលមានចំនួនទឹកប្រាក់ ៧៥,០០០រៀល ហែកប្រគល់ជូនម្ចាស់ម៉ូតូ ជាក់ស្តែងគឺត្រូវពិន័យ ២៥០,០០០រៀល ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញបានទាក់ទងទៅឈ្មោះខាងលើ និងបានបកស្រាយពីកំហុសដោយអចេតនារបស់សមត្ថកិច្ច ទើបឈ្មោះ ម៉ូវ សារី (FB Sary Sa) បានយល់ច្បាស់ពីការផាកពិន័យនេះ ហើយគាត់ក៏មានការឯកភាពយកប័ណ្ណពិន័យអន្តរការណ៍ទឹកប្រាក់ចំនួន ៧៥០០០រៀល មកវិញ ហើយផ្នែកជំនាញបានសម្របសម្រួលជាមួយគាត់ប្តូរប័ណ្ណពិន័យអន្តរការណ៍ទឹកប្រាក់ចំនួន ២៥០០០០ រៀល ជូនគាត់វិញ។

បើតាមស្នងការនគរបាលរាជធានីភ្នំពេញ, ក្រោយពីមានពន្យល់ណែនាំម្ចាស់គណនីហ្វេសបុកឈ្មោះ Sary Sa យ៉ាងច្បាស់លាស់រួចមក គាត់ក៏បានយល់ និងបានសរសេរអត្ថបទកែតម្រូវឡើងវិញ នៅលើហ្វេសប៊ុករបស់គាត់ដែលមានឈ្មោះថា Sary Sa រួចរាល់ហើយដែរ៕