(កំពត)៖ ប្រជាពលរដ្ឋមូលដ្ឋាន បានបង្ហាញពីបំណងចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលតំបន់ភ្នំទឹក និងភ្នំតូច ដែលមានទំហំជាង ៦០០ហិចតា ជាតំបន់អភិរក្សធនធានធម្មជាតិ ដើម្បីថែរក្សាតំបន់នេះទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ពីតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ។ ការបង្ហាញពីបំណងរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយសារតែតំបន់ភ្នំទឹក និងភ្នំតូច ដែលមានភូមិសាស្ត្រនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានការទិញលក់ដីនៃតំបន់ធម្មជាតិខាងលើ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ, យូរៗគេឃើញមានរថយន្តទំនើបៗ របស់ក្រុមអ្នករកស៉ីដី ធ្វើដំណើរទៅកាន់តំបន់នោះ ក្នុងគោលដៅជួញដូរដីធ្លីនៅតំបន់នោះផងដែរ។ មិនតែប៉ុណ្ណោះ គេក៏ធ្លាប់ឃើញផ្លាកពាណិជ្ជកម្មធំៗ ដាក់ផ្សព្វផ្សាយពុះដីឡូតិ៍លក់របស់ក្រុមហ៊ុនឯកជន នៅទីនោះទៀតផង តែត្រូវបានហែកចោលវិញ។
ផ្តល់បទសម្ភាសដល់អ្នកព័ត៌មានប្រចាំអង្គភាពព័ត៌មាន Fresh News, លោក ញ៉ុក ហម បាននិយាយថា លោករីករាយខ្លាំងណាស់បើសិនជាតំបន់ភ្នំទឹក និងភ្នំតូច ត្រូវបានដាក់បញ្ចូលជាតំបន់អភិរក្ស។ លោកបានលើកឡើងថា ពីដើមរៀងមកនៅភ្នំទឹកមានរឿងគួរឲ្យចាប់អារម្មណ៍យ៉ាងច្រើន ទាំងបញ្ហាអបិយជំនឿ និងបញ្ហាតថភាពសង្គម។
កំពុងអង្គុយលើកៅអីនៅមុខផ្ទះ បុរសវ័យចំណាស់រូបនេះ បានរៀបរាប់សេចក្តីដែលគេអាចសង្ខេបបានថា រឿងអបិយជំនឿនោះ គឺពីដើមភ្នំនោះមានអ្នកតាកាន់ និងថែរក្សាទឹកដីនៅក្បែរព្រំដែនផងដែរ ហើយក៏គ្មាននរណាទៅតាំងទីលំនៅទីនោះបានដែរ។ ចំពោះរឿងតថភាពសង្គមវិញ ដីល្បាប់ក្រោមភ្នំនោះពោរពេញដោយជីជាតិ សម្រាប់យកទៅដាក់ស្រែដើម្បីធ្វើស្រូវ ហើយលោកអះអាងថា បើបានដីល្បាប់ក្រោមភ្នំនោះត្រឹមមួយរទេះ គឺការធ្វើស្រូវបានផលខ្ពស់ខ្លាំងណាស់។
ក្នុងសម្លៀកបំពាក់ជាកសិករ លោក ញ៉ុក ហម បានបញ្ជាក់ថា «បានត្រឹម១រទេះអី ដាំស្រូវបានល្អៗណាស់។ ពីមុនអ្នកភូមិស្រុក ក៏ឧស្សាហ៍ទៅយកដីល្បាប់ក្រោមភ្នំទឹកនោះដែរ»។ លោកបន្តថា «អាហ្នឹងខ្ញុំចង់ឲ្យទឹកដីហ្នឹង ជាទឹកដីអភិរក្សឲ្យបានដល់ក្មេងជំនាន់ក្រោយទៀត កូនចៅខ្ញុំក្រោយទៀត។ ខ្ញុំធ្លាប់ទៅដាក់មង ដាក់បង្កៃយកត្រី និងយកដីល្បាប់ នៅក្បែរហ្នឹង»។
អង្គុយនៅក្បែរនោះស្រាប់ និងថ្លែងដូចគ្នាដែរ លោក ពូ អ័រ បានលើកឡើងបង្ហាញពីរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត។ រឿងគួរឲ្យចាប់អារម្មណ៍នោះ គឺមានការតំណាលតៗគ្នាមកថា ពីដើមមានពស់អ្នកតាមានទំហំធំធេងក្រៃលែង លូនឆ្លងកាត់ពីភ្នំទឹកទៅភ្នំតូចដែលនៅក្បែរគ្នានោះ ទៅវិញទៅមកជាញឹកញាប់ណាស់ ក្នុងលក្ខណៈជាអ្នកយាមទឹកដី ប៉ុន្តែនោះជារឿងពីមុន ហើយលោកក៏មិនដែលឃើញផ្ទាល់ភ្នែកដែរ។
ចំពោះរឿងអស្ចារ្យមួយទៀត គឺភ្នំទឹកនោះ គេមិនអាចនិយាយអ្វីផ្តេសផ្តាសបានឡើយ ហើយដើម្បីសេចក្តីសុខ មានប្រជាពលរដ្ឋខ្លះតែងតែបួងសួង ពេលគេទៅកន្លែងនោះ។ កសិករខាងលើ បានរំលឹកថា កាលលោកនៅមានវ័យប្រមាណ ១៥ឆ្នាំ ធ្លាប់មានមនុស្សស្លាប់ច្រើននាក់ហើយ ពេលទៅយកដីល្បាប់នៅក្រោមភ្នំនោះ ដោយសារថ្មធ្លាក់ចំពីលើ។
«សូម្បីតែសាកសពក៏ពិបាកយកមកវិញដែរ។ ភ្នំហ្នឹងមាត់កផ្តេសផ្តាសអីអត់បានទេ»។ នេះបើតាមលោក ពូ អ័រ។ លោកបន្ថែមថា «ចង់មានការទុកដាក់ ឲ្យកូនចៅជំនាន់ក្រោយ បានឃើញថាភ្នំទាំងហ្នឹងភ្នំរបស់ខ្មែរយើងតទៅអនាគតទៀត មិនចង់ឲ្យមានការទិញលក់ទេ»។
ដោយសារតែមានការទិញលក់ដីនៅតំបន់នោះហើយ ទើបប្រជាពលរដ្ឋខាងលើសុទ្ធតែបង្ហាញបំណងចង់ឃើញរាជរដ្ឋាភិបាលជួយអភិរក្សតំបន់នេះ។ ពួកគាត់រំពឹងថា បើទុកអភិរក្សវិញ តំបន់ខាងលើអាចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តបាន និងបង្កើតមុខរបរបន្ថែមសម្រាប់ប្រជាពលរដ្ឋ។
សូមជម្រាបថា នៅជុំវិញតំបន់ភ្នំទឹក និងភ្នំតូច ព័ទ្ធទៅដោយបឹងដែលមានវារីរុក្ខជាតិ ជាពិសេសមានដើមព្រលិត និងរំចង់ ដែលរីកផ្កាបង្ហាញពណ៌យ៉ាងស្រស់ឆើតឆាយ ញ៉ាំងទេសភាពគួរជាទីគយគន់។ បន្ថែមលើនេះ មានទាំងដើមថ្នក់ទឹក និងវារីរុក្ខជាតិដទៃទៀត ផ្តល់ជាចំណីសម្រាប់ក្របីអ្នកស្រុកនៅទីនោះផង។
មិនតែប៉ុណ្ណោះតំបន់នេះ ផ្តល់ទីកន្លែងឲ្យសត្វស្លាបនានា បូករួមទាំងសត្វក្រៀល ដែលហើរចេញពីតំបន់ការពារទេសភាពអន្លង់ព្រីង ទៅរកស៉ីនៅក្នុងបឹងជុំវិញតំបន់ភ្នំទឹក និងភ្នំតូចផងដែរ។ ប្រជាពលរដ្ឋនៅក្នុងតំបន់ ថែមទាំងអាចនេសាទត្រីជាលក្ខណៈគ្រួសារយកមកទទួលទានប្រចាំថ្ងៃ ដោយមិនបាច់ចំណាយប្រាក់ទិញពីផ្សារ។
ពេលអ្នកយកព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News បានទៅដល់ទីនោះផ្ទាល់ ក៏បានសង្កេតឃើញអ្នកស្រុកខ្លះ កំពុងរាវខ្យង និងខ្ចៅ នៅក្រោមភ្នំទឹក ដើម្បីទុកស្ងោរទទួលទាន។ ចំណែកឯនៅក្នុងបឹងវិញ គេឃើញមានមនុស្សដោលទូកដឹកមនុស្សកម្សាន្តផង។ នៅពេលថ្ងៃរៀបលិច គេក៏អាចផ្តិតយករូបភាពនៅតំបន់នោះ យ៉ាងស្រស់ស្អាតជាពន់ពេក។ បើនៅក្នុងភ្នំតូចវិញ ពេលថ្ងៃរៀបលិចនោះ មានថ្មក្នុងភ្នំមួយកន្លែង ដែលចាំងពន្លឺថ្ងៃមានពណ៌ដូចមានឆ្អិនឆ្អៅ។
លក្ខណៈពិសេសសម្រាប់អ្នកចូលចិត្តបោះតង់នោះ ពួកគេអាចទៅកម្សាន្តទីនោះបាន ដោយសារតែមានទួលយ៉ាងធំទូលាយនៅក្បែរភ្នំទាំងពីរ។ ចំពោះផ្លូវចូលវិញ មិនជាបញ្ហាចោទឡើយ ពោលសូម្បីតែរថយន្តទំនើបក៏អាចចូលទៅទីនោះបានដែរ។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ លោក ខៀវ ផាត ក៏បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែសកម្មភាពទិញលក់ដីនោះ ត្រូវបានគិតថា មិនជួយអ្វីឲ្យល្អដល់ប្រទេសជាតិទេ តែសកម្មភាពនោះនឹងឈានដល់ដំណាក់កាលមួយ បំផ្លាញធនធានធម្មជាតិរបស់ប្រទេសជាតិទៅវិញ។
ទន្ទឹមនឹងបង្ហាញក្តីបារម្ភ កសិករខាងលើក៏បង្ហាញក្តីត្រេកអរដែរ នៅពេលលោកឃើញមានតំបន់ធនធានធម្មជាតិជាច្រើននៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់អភិរក្ស។
លោក ខៀវ ផាត ថែមទាំងបាននិយាយពីផលប្រយោជន៍ នៃតំបន់ភ្នំទឹក និងភ្នំតូច ដូចប្រជាពលរដ្ឋដទៃទៀតដែរ និងសំណូមពរថា «សូមការពារទុកថ្ងៃក្រោយ ឲ្យកូនចៅបានមើល ដោយសុខសប្បាយ។ សូមអភិរក្សកុំឲ្យសាបសូន្យ នូវតម្លៃធម្មជាតិរបស់យើង។ លឺថាមានការលក់ដីលក់ទឹកអី មិនឲ្យលក់ទេ»។
ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ លោក សាយ សំអាល់ បានប្តេជ្ញាចិត្តការពារ និងអភិរក្សធនធានធម្មជាតិ គ្រប់កន្លែងទាំងអស់។ ក្រសួងបរិស្ថាន បញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ផងដែរ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលជាមន្ត្រីសកម្មមួយរូបលើការងារធនធានធម្មជាតិ បានអះអាងថា ការទិញលក់ដី នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ គឺជាទង្វើខុសច្បាប់។ លោកសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន ក៏បដិសេធមិនទទួលស្គាល់នោះទេ និងបានចាត់ទុកករណីទិញលក់ដីនៅតំបន់អភិរក្សធនធានធម្មជាតិ ជាករណីអាទិភាពត្រូវអនុវត្តច្បាប់ចំពោះជនល្មើស៕