(ភ្នំពេញ)៖ បុរសម្នាក់ដែលបានសរសេរ និងបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសបុក មានខ្លឹមសារប្រមាថអាយុជីវិត លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា នឹងត្រូវដោះលែងចេញពីពន្ធនាគារ នាពេលឆាប់ៗខាងមុខ នេះបើយោងតាមសាលក្រមរបស់តុលាការក្រុងភ្នំពេញ។
បុរសរូបនេះឈ្មោះ ផង់ សីហា អាយុ២៧ឆ្នាំ មានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ តែអនុវត្តទោសត្រឹម៦ខែប៉ុណ្ណោះ និងពិន័យមួយលានរៀល ពីបទគំរាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ។
យោងតាមសាលក្រមនេះ លោក ផង់ សីហា នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ។
សូមជំរាបថា លោក ឈ្មោះ ផង់ សីហា ត្រូវបាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបុរសរូបនេះ បានឆ្លងដែនពីប្រទេសថៃចូលក្នុងទឹកដីកម្ពុជាវិញ ។
នៅដំណាក់កាលសមត្ថកិច្ច ឈ្មោះ ផង់ សីហា បានសារភាពថា ខ្លួនពិតជាបានបង្ហោះសារមានរូបភាពគំរាមសម្លាប់ លោកបណ្ឌិត សុខ ទូច ដោយប្រើតាមទូរស័ព្ទដៃប្រាកដមែន។ សមត្ថកិច្ចបានឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលថៃ ជនសង្ស័យឈ្មោះ ផង់ សីហា ត្រូវបានបណ្ដេញចេញ ពីប្រទេសថៃ ដោយសារជននេះបានរស់នៅ និងធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ ហើយត្រូវនគរបាលកម្ពុជាឃាត់ខ្លួននៅចំណុចព្រំដែន ប៉ោយប៉ែតតែម្ដង៕