(បាត់ដំបង)៖ លោក សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោក នួន សាន អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងលោកស្រី ទៀង សំបូរ អគ្គលេខធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង បានប្រកាសបរិច្ចាគបៀវត្ស ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងនោះ លោក សម ប៊ុនថុន បរិច្ចាគប្រាក់បៀវត្ស៦ខែ ក្នុងមួយខែ២លានរៀល, លោក នួន សាន បរិច្ចាគប្រាក់បៀវត្ស៦ខែ ក្នុងមួយខែ២លានរៀល និងលោកស្រី ទៀង សំបូរ បរិច្ចាគប្រាក់បៀវត្ស៦ខែ ក្នុងមួយខែ៤០ម៉ឺនរៀល។

ការប្រកាសបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕