Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាត់ខ្លួនអ្នកបន្ទោបង់តាមទីសាធារណៈ នៅខណ្ឌដូនពេញចំនួន១១នាក់បន្ថែមទៀត យកទៅអប់រំ

02-02-2021 14:58

(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និងឃាត់ខ្លួន ជនដែលបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានាបានចំនួន១១នាក់បន្ថែមទៀត ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កឲ្យមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ និងប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ។

ក្រោយពិនិត្យឃើញជាក់ស្តែង កម្លាំងខណ្ឌក៏បានអញ្ជើញពួកគាត់ មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែង ដែលពួកគាត់បន្ទោបង់រួច ទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ។

រដ្ឋបាលខណ្ឌ សូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់ឲ្យបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ចៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ។

បើតាមរដ្ឋបាលខណ្ឌដូនពេញ ចាប់តាំងពីថ្ងៃអនុវត្តការងារមក អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន៤២នាក់ហើយ យកទៅអប់រំ៕