(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំប្រទេស ដែលបណ្ដាប្រទេសនានាចាត់ទុកជា មេដឹកនាំគំរូដ៏ល្អមួយ ដែលបានបើកបេះដូងយ៉ាងទូលាយ ស្រលាញ់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
នៅក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ៤០០គ្រួសារ មកពីសង្កាត់ចំនួន៣ ក្នុងខណ្ឌឫស្សីកែវ នៅវិហារធំគីឡូម៉ែត្រលេខ៩ នាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា សម្ដេចតេជោ តែងបានចាត់ទុកប្រជាពលរដ្ឋជាជនរួមឈាមកម្ពុជាតែមួយ នៅរាល់ការលំបាកគ្រប់កាលៈទេសៈ សម្ដេចមិនដែលទុកប្រជាជនចោលម្តងណាឡើយ។
ផ្ទុយទៅវិញសម្ដេចតែងមានការយកចិត្តទុកដាក់គិតគូរជានិច្ច ជាពិសេសនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជានៅក្នុងកាលៈទេសៈដែលប្រទេសជាតិ ទទួលរងគ្រោះដោយទឹកជំនន់ថ្មីៗនេះ គឺសម្ដេចបានចាត់ចែងដោះស្រាយបញ្ហាដោយផ្ទាល់ ដោយបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ និងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ មិនឲ្យអ្នកណាម្នាក់ស្លាប់ដោយសារការមិនដឹងមិនលឺ ឬមិនជួយសង្គ្រោះនោះឡើយ។
លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីមោទនភាពដែរកម្ពុជា មានមេដឹកនាំប្រទេសដ៏ល្អ ដែលបានគ្រប់គ្រងដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ជាពិសេសការរក្សាបាននូវសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាយ៉ាងល្អ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ មានសាមគ្គីភាពដោយភាពសុខសាន្ត ពុំដែលកើតមាននូវជម្លោះបែកបាក់រវាងជាតិសាសន៍ និងសាសនាម្តងណាឡើយ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ផ្ដល់កម្លាំងចិត្តគាំទ្រ ដល់គ្រប់សាសនា ក្នុងការបើកសិទ្ធសេរីភាព ទៅលើការគោរពប្រតិបត្តិជំនឿសាសនា ទៅតាមការស្រឡាញ់ពេញចិត្តរបស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី ដែលខ្លួនស្រឡាញ់ពេញចិត្ត ឲ្យបានគង់វង្ស។
លើសពីនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី មិនបានរើសអើង ឬបែងចែកចំពោះប្រជាពលរដ្ឋ ដែលគោរពសាសនាផ្សេងនោះឡើយ ជាក់ស្ដែង ចំពោះសាសនិកឥស្លាមកម្ពុជា ត្រូវបានតែងតាំងតួនាទីឋានៈ នៅក្នុងស្ថាប័ននីតិបញ្ញត្តិ មានព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័ននីតិប្រតិបត្តិ ក្នុងជួររាជរដ្ឋាភិបាល មានឋានៈស្មើ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតួនាទីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត ក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខ័ណ្ឌ សង្កាត់ ដើម្បីបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន ទាំងនេះហើយដែលសម្ដេចទទួលបានការកោតសរសើរ និងរៀនសូត្រពីបណ្ដាលប្រទេសនានាក្នុងតំបន់ក៏ដូចជាប្រទេសមួយចំនួន នៅលើពិភពលោកផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងតែប្រឈមនាពេលបច្ចុប្បន្ននេះ ទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នៅលើពិភពលោក នាពេលនេះ ជំងឺកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយទេ ទាំងក្នុងតំបន់ ក៏ដូចជានៅកម្ពុជា គឺនៅតែបន្តប្រឈមជំងឺកូវីដ-១៩នេះផងដែរ ដែលយើងនៅតែមានអ្នកនាំចូលជំងឺនេះជាបន្តបន្ទាប់មកពីខាងក្រៅ។
ដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានយកឱកាសនេះស្នើឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តនូវវិធានការបីការពារ ឲ្យបានជាប់ជាប្រចាំ ទី១៖ គឺពាក់ម៉ាស់, ទី២៖ គឺលាងសំអាតដៃជាមួយអាកុលឬជែល និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង៤០០គ្រួសារខាងលើ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ម៉ាស់១ប្រអប់ និងជែល១ដប៕