(ក្រចេះ)៖ ក្នុងគោលបំណងការពារ និងគ្រប់គ្រងទីជម្រកធនធានជលផល បង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិ ការកាត់បន្ថយអត្រាស្លាប់នៃសត្វផ្សោតក្នុងកម្រិតអប្បបរមា និងកាត់បន្ថយការនេសាទល្មើសច្បាប់ ក្នុងកន្លែងអភិរក្សជលផល ពិសេសកន្លែងអន្លង់ផ្សោតរស់នោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដាក់ចេញគោលការណ៍សំខាន់ៗ៤ ដល់មន្ត្រីជលផល និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីការពង្រឹង និងការពារជីវៈចម្រុះទាំងនេះក្នុងទន្លេមេគង្គឱ្យបានគង់វង្ស។
លោក វ៉ា ថន បានដាក់ចេញគោលការណ៍ដូចនេះកាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅប៉ុស្ដិ៍ឆ្មាំទន្លេអភិរក្សផ្សោតកាំពី ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំការងារពង្រឹងការអភិរក្សសត្វផ្សោត និងជីវៈចម្រុះជលផលទន្លេមេគង្គ ដោយមានការចូលរួមពីលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផល និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា។
អភិបាលខេត្តក្រចេះ បានបន្តថា ការដែលរួមគ្នាការពារ និងអភិរក្សសត្វផ្សោតទាំងនេះ ជាកត្តាមួយដ៏សំខាន់សម្រាប់ខេត្តក្រចេះ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត។
គោលការណ៍សំខាន់ៗទាំង៤ដែលលោក វ៉ា ថន បានដាក់ចេញដល់អាជ្ញាធរភូមិ ឃុំ មន្ត្រីជលផល ឆ្មាំទន្លេអភិរក្សផ្សោត និងប្រជាការពារដែលពាក់ព័ន្ធ ក្នុងស្រុកទាំង៣រួមមាន៖
*ទី១៖ ត្រូវបន្ដកិច្ចសហការឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក្នុងអនុវត្តការងារការពារនិងគ្រប់គ្រងទីជម្រក ប្រភេទធនធានជលផល
*ទី២៖ បន្តសហការជិតស្និទ្ធជាមួយ នឹងសហគមន៍មូលដ្ឋាន និងដៃគូផ្សេងទៀតដើម្បីពង្រឹងការអនុវត្តច្បាប់ជលផល និងធ្វើការហាមឃាត់ការប្រើប្រាស់ មងនេសាទខុសច្បាប់ ក្នុងតំបន់ការពារជម្រកសត្វផ្សោត
*ទី៣៖ ត្រូវបន្ដការតាមដាន និងស្រាវជ្រាវចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ និងដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាន និងជាចំណី សម្រាប់សត្វផ្សោត
*ទី៤៖ ត្រូវធ្វើការល្បាតជាប្រចាំត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងខិតខំស្រាវជ្រាវរកជនល្មើស ដែលប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់យកទៅផ្ដន្ទាទោស តាមច្បាប់ជលផល។
លោក សេង ទៀក និងលោក ផៃ សុម៉ានី បានលើកឡើងផងដែរថា ជាមួយគ្នាការទទួលបានមោទកភាពលើការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ បញ្ហាប្រឈម និងចំបងៗផ្សេងទៀតក៏កើតមានឡើងរួមមាន៖ ការនេសាទឧបករណ៍មង និងការនេសាទខុសច្បាប់ដ៏ទៃទៀត ដូចជា ការប្រើប្រាស់គ្រឿងឆក់ នុយនេសាទដែលមាន សារធាតុពុល និងគ្រឿងផ្ទុះសប្បនិមិត្រដែលបង្ករផលប៉ះពាល់ដល់សត្វផ្សោត និងជីវចម្រុះជលផល។
ជាក់ស្ដែង ចំនួនផ្សោតស្លាប់មានការកើនឡើងជាលំដាប់រួមមាន៖ ក្នុងឆ្នាំ២០១៨ ស្លាប់៥ក្បាល (កូនផ្សោត៤ក្បាល និងផ្សោតពេញវ័យ៤ក្បាល) ឆ្នាំ២០២០ ស្លាប់៩ក្បាល (កូនផ្សោត៤ក្បាល និងផ្សោតពេញវ័យ៥ក្បាល) និងក្នុងខែមករា ឆ្នាំ២០២១ ស្លាប់២ក្បាល (កូនផ្សោត១ក្បាល និងផ្សោតពេញវ័យ១ក្បាល)។ ការស្លាប់ក្នុងចំនួនកើនឡើង ជាបន្តបន្ទាប់នេះកំពុងប្រឈមទៅនឹងនិរន្តរភាពនៃសត្វផ្សោតនៅក្នុងទន្លេមេគង្គ៕