(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសាខាកាកបាទក្រហមថ្នាក់ខេត្ត និងអនុសាខាក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តខិតខំយកចិត្តទុកដាក់ពង្រឹងយន្តការដឹកនាំគ្រប់គ្រងនិងបង្កើន សកម្មភាពបំពេញបេសកកម្មឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបនឹងទិសដៅផែនការអនុវត្តបន្តនៅឆ្នាំ២០២១នេះ ប្រកបដោយប្រសិទ្ធភាព។
ការក្រើនរំលឹកបែបនេះ ខណ:ដែលលោកបានដឹកនាំក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងដាក់ទិសដៅផែនការអនុវត្តបន្តឆ្នាំ២០២១ របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយស អនុសាខាក្រុង -ស្រុក ប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ក្រុមប្រតិបត្តិសាខាជាច្រើនរូប។
លោក ជាវ តាយ ក៏បានធ្វើការកត់សំគាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាននាឆ្នាំ២០២០កន្លង ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និង អនុសាខា ក្រុង ស្រុក បានបំពេញបេសកកម្មមនុស្សធម៌ ឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបានទាន់ពេលវេលា និងចំគោលដៅ ប្រកបដោយប្រសិទ្ធភាព។
លោកក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាកាកបាទក្រហមថ្នាក់ខេត្ត និងអនុសាខាក្រុង ស្រុកព្រមទាំង មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្ត ទុកដាក់ចូលរួមឲ្យបានសកម្មថែមទៀត ពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម ក្នុងការបំពេញបេសកកម្មការងារមនុស្សធម៌ ដោយយកចិត្តទុកដាក់គិតគូរ កៀងគរ និងគ្រប់គ្រងប្រភពចំណូល ចំណាយឲ្យបានច្បាស់លាស់ និងប្រើប្រាស់ថវិកាឲ្យចំគោលដៅ ដើម្បីជួយសង្គ្រោះនិងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្វះខាត និងជួបប្រទះគ្រោះធម្មជាតិ ឬជួបឧប្បតិ្តហេតុផ្សេងៗ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕