(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចខណ្ឌដូនពេញ បានឲ្យដឹងថា មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនៅម៉ោង៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈនេះ មានស្ត្រីជនជាតិវៀតណាម សញ្ជាតិចិន-តៃវ៉ាន់ម្នាក់ បានសម្រេចចិត្តលោតពីលើផ្ទះជួលសម្លាប់ខ្លួន ទាំងមិនដឹងមូលហេតុ ស្ថិតនៅផ្ទះជួលលេខ ៩B2 ផ្លូវលេខ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទប់លេខ៧ ជាន់ទី២។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះនោះមានឈ្មោះ SHAN I HE ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិចិន-តៃវ៉ាន់ មុខរបរអ្នកនាំភ្ងៀវមកទេសចរណ៍។ តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យអបសាលាដំបូងរាជធានីភ្នំពេញ និងការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រក្រុងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ លោតពីលើផ្ទះពិតប្រាកដមែន។ សពរបស់ជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមូលហេតុនៃការសម្រេចលោតសម្លាប់ខ្លួននេះ មិនទាន់ដឹងនៅឡើយនោះទេ។
លោក ហូត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះ រហូតលោតសម្លាប់ខ្លួនយ៉ាងដូច្នេះ គឺបណ្តាលមកមានជម្លោះជាមួយប្តី ហើយមានអាការ:ស្រវឹងផងដែរ៕