(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិកតំណាងនាយឧត្តមសេនីយ៍ ប៉ែន វិបុល។
ក្នុងពិធីនេះដក៏មានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ មន្ត្រីដែលទទួលផ្ទេរកិច្ច និងតែងតាំងមុខតំណែងចំនួន៨៥រូប និងបំពាក់ឋានន្តរស័ក្តិចំនួន១៣០រូប សរុប២១៥រូប។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ និងអានលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជូនដល់អង្គពិធី។
ឧត្តមសេនីយ៍ឯក ស ថេត និងឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានអញ្ជើញផ្តល់កិត្តិយសផ្តល់លិខិតប្រកាសតែងតាំងជូនលោកស្នងការរង និងបំពាក់ស័ក្តិជូនមន្ត្រីជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងដែលទើបទទួលតំណែងថ្មី តំណាងឲ្យលោកស្នងការរង និងមន្ត្រីទាំងអស់ដែលទើបទទួលបានការតែងតាំង ឡើងប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី ដោយបានប្តេជ្ញាចិត្តថា ខិតខំបម្រើអង្គភាព បម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត។
ជាកិច្ចបញ្ចប់ឧត្តមសេនីយ៍ឯក ស ថេត បានអបអរសាទរដល់លោកស្នងការរង និងមន្ត្រីជាច្រើនរូបទៀត ដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរស័ក្តិ ត្រូវតែខិតខំបម្រើអង្គភាព និងប្រជាពលរដ្ឋឲ្យបានល្អបំផុត ជាពិសេសត្រូវតែមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើនេះទៀត លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់ជំនាញបង្ការពន្លត់អគ្គិភ័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ មានផែនការច្បាស់លាស់ក្នុងការចុះណែនាំអប់រំ និងបង្ហាត់បង្រៀនអំពីការការពារ និងបង្ការទប់ស្កាត់កុំ ឲ្យអគ្គិភ័យកើតឡើងជាយថាហេតុ។
ម្យ៉ាងវិញទៀត លោកស្នងការ ក៏បានណែនាំដល់លោកលោកស្រីស្នងការរង នាយការិយាល័យ ជាពិសេសអធិការនគរបាលខណ្ឌទាំង១៤ ត្រូវចូលរួមសហការ និងអនុវត្តឲ្យបានល្អនូវលក្ខណ:សម្បត្តិទាំង ៧ចំណុច ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អបំផុតដើម្បីឲ្យសង្គមជាតិ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាពខ្ពស់។
ក្រៅពីនេះទៀត ស្នងការបានផ្តោតសំខាន់ទៅលើមន្ត្រីទាំងអស់ត្រូវតែស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ស្អាតបាត គោរពវិន័យកងកម្លាំង ប្រើប្រាស់សម្តី និងកាវិការឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ត្រូវមានអ្នកប្រចាំការ ដើម្បីដោះស្រាយ និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាប្រចាំ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងផងដែរថា ទាក់ទងទៅនឹងផ្នែកចរាចរណ៍ គ្រប់មន្ត្រីប្រចាំការតាមគ្រប់គោល ត្រូវមានភារកិច្ចជួយសម្រួលចរារណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសនៅពេលដែលអនុវត្តន៍ ច្បាប់ចរារណ៍ត្រូវតែប្រើកាយវិការឲ្យបានសមរម្យ ហើយប្រសិនបើឃើញប្រជាពលរដ្ឋដែលមកពីជនបទ ដែលគាត់បានបើកបរល្មើសច្បាប់ផ្សេងៗ មិនគួរផ្តោតតែលើការផាកពិន័យខ្លាំងពេកទេ ត្រូវផ្តោតទៅលើវិធានការណែនាំអប់រំ ព្រោះពេលខ្លះគាត់ទើបមកទីក្រុងជាលើកទី១។ មួយវិញទៀតដែរ លោកស្នងការក៏បានបញ្ជាក់បន្ថែមថា ចំពោះករណីអ្នកសារព័ត៌មានគួរតែប្រើសិទ្ធិឲ្យមានដែនកំណត់ មិនត្រូវប្រើប្រាស់សិទ្ធិហួសដែនកំណត់មកលើការអនុវត្តន៍ច្បាប់ របស់សមត្ថកិច្ចជំនាញឡើយ៕