(ភ្នំពេញ)៖ ដើម្បីពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងខណ្ឌឲ្យបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារច្បារអំពៅ និងត្រួតពិនិត្យទីតាំងបែងចែកផលនេសាទ ដែលជាទូទៅហៅថា យឿត្រីច្បារអំពៅ។
សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើងនៅវេលាម៉ោង ៣:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ រួមដំណើរដោយលោករស់ សុភ័ក្ត អភិបាលរងលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ។
សកម្មភាពវេលាទៀបភ្លឺនេះ លោកអភិបាលខណ្ឌ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទីតាំងដេប៉ូចែកចាយផលនេសាទ និងចំណតរថយន្តច្បារអំពៅ រួចបន្តដំណើរពិនិត្យទីតាំងលក់ដូររបស់បងប្អូនជនជាតិ នៅផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ព្រមទាំងធ្វើការសំណេះសំណាលជាមួយបងប្អូន កំពុងហាត់ប្រាណនៅតាមផ្លូវស្ពានព្រែកបារាំង ក្នុងសង្កាតព្រែកប្រា និងសង្កាត់និរោធ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ កុំឲ្យរីករាលដាលតទៅទៀត តាមរយៈការអនុវត្តន៍ជាប្រចាំតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល រួមមានអនុវត្តនូវវិធានទាំង៣រួមមាន៖
*ទី១៖ ឧស្សាលាងដៃជាមួយ សាប៊ូ អាល់កុល ឬ ជែល
*ទី២៖ អង្គុយគម្លាតពីគ្នាចាប់១,៥០ម៉ែត្រ
*ទី៣៖ ត្រូវពាក់ម៉ាស់ជាប្រចាំ និងកុំប្រមូលផ្តុំគ្នាច្រើនបើមិនចាំបាច់៕