(ព្រៃវែង)៖ សពមហាឧបាសិកា ទុយ សាន ដែលជាម្តាយបង្កើតរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា នឹងដង្ហែយកទៅបញ្ចុះនៅម៉ោង ១៖៣០នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពី សម្តេច ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
មហាឧបាសិកា ទុយ សាន បានទទួលមរណភាពកាលពីម៉ោង ៨៖២០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់មហាឧបាសិកា បាននាំមកនូវក្តីវិយោគស្រណោះអាល័យពន់ពេកក្រៃពីកូន កូនប្រសារ ព្រមទាំង ចៅៗ។ មរណភាពរបស់មហាឧបាសិកា គឺជាការបាត់បង់នូវ ម្តាយ ម្តាយបង្កើត និងជីដូនជាទីស្រឡាញ់ និងប្រកបដោយព្រហ្មវិហារ ធម៌មួយរូប។
ក្នុងអំឡុងពេល ដែលសពតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន នៃសពស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្ត ព្រៃវែង រយៈពេលជាច្រើនថ្ងៃមកនេះ គេសង្កេតឃើញមានមន្រ្តីជាន់ខ្ពស់ពីស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ព្រមទាំងក្រសួង មន្ទីរជាច្រើន បានអញ្ជើញចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និង គោរពវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា៕