(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចែកអំណោយជាលើកទី២ ជាមួយសប្បុរសជន ដែលចូលរួមជាសម្ភារមួយចំនួន ជាមួយរដ្ឋបាលខណ្ឌបឹងកេងកង ចែកជូនប្រជាពលរដ្ឋរងគ្រោះថ្នាក់ ដោយអគ្គីភ័យបំផ្លាញផ្ទះទាំង១០គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១កន្លងទៅ។
ក្នុងពិធីនេះ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកស្រី ស៉ិន រតនា អភិបារងខណ្ឌបឹងកេងកង បានឲ្យដឹងថា ក្នុងពិធីចែកអំណោយលើកទី២ ដល់ប្រជាជនរងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះពួកគាត់ ដោយក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី២កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ទឹកសុទ្ធ១យួរ, ត្រីខកំប៉ុង១យួរ និងថវិកា១០ម៉ឺនរៀល។
ខណៈសំណេះសំណាលជាមួយប្រជាជនដែលរងគ្រោះថ្នាក់ ដោយអគ្គីភ័យបំផ្លាញផ្ទះសម្បែងនោះ លោក ធឹម សំអាន បានថ្លែងចូលរួមសោកស្ដាយជាខ្លាំង ចំពោះគ្រោះថ្នាក់ដែលកើតមានឡើងនាពេលកន្លងទៅ។
ជាយ៉ាងណា អាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង ដោយមានការគិតគូរជាខ្លាំង ក្នុងការស្វះស្វែងរកអំណោយពីសប្បុរសជននានា ដោយយកមកផ្ដល់ជូនប្រជាពលរដ្ឋ ទុកដោះស្រាយរាល់ការលំបានមួយគ្រាផងដែរ។
លោកបញ្ជាក់ថា អាជ្ញាធរដោយមិនទុកឲ្យប្រជាពលរដ្ឋ នៅឯកកោឡើយដោយបន្តខិតខំស្វែងរកអំណោយពីសប្បុរសជននានាឯទៀត ទាំងនៅក្នុងមូលដ្ឋាន និងនៅក្រៅមូលដ្ឋាន ដើម្បីយកមកផ្ដល់ជូនជាបន្តបន្ទាប់ទៀតទោះ បីតិចក្ដីច្រើនក្ដីនេះ គឺជាការគិតគូរពីសំណាក់អាជ្ញាធរពេលពលរដ្ឋ ជួបការលំបាកដោយអគ្គីភ័យបំផ្លាញផ្ទះ៕