(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការសង្គម «ការងារសណ្ដាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» ឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២ ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអនុសាសន៍៤ចំណុច ដល់ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងថ្នាក់ដឹកនាំទទួលការងារចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមមាន៖
*ទី១៖ អត្ថន័យ និងសារសំខាន់ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
*ទី២៖ កម្មវិធី និងកន្លែងប្រារព្ធពិធី
*ទី៣៖ គោលបំណង នៃការផ្សព្វផ្សាយយុទ្ធនាការអប់រំសង្គម ស្តីពី «ការរក្សាសណ្តាប់ធ្នាប់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» ឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣
*ទី៤៖ វិធានការនានា ក្នុងការចូលរួមផ្សព្វផ្សាយយុទ្ធនាការអប់រំសង្គម ស្តីពី «ការរក្សាសណ្តាប់ធ្នាប់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ រួមមាន៖
ការចូលរួមយុទ្ធនាការផ្សព្វផ្សាយអប់រំ និងការរៀបចំសណ្តាប់ធ្នាប់នៅទីសាធារណៈ ក៏ដូចជាតាមលំនៅដ្ឋានឲ្យមានរបៀបរៀបរយប្រកប ដោយសោភ័ណភាពសុវត្ថិភាពអនាម័យ, ការជំរុញថែមទៀតនូវការរឹតបន្តឹងអនុវត្តច្បាប់ និងការផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋាននានាស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យកាន់តែទូលំទូលាយប្រកបដោយតម្លាភាព និងប្រសិទ្ធភាពសំដៅបង្កើនការចូលរួមគោរពអនុវត្តច្បាប់ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យបានជាអតិបរមា។
ខិតខំរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរ និងចូលរួមដោះស្រាយការកកស្ទះចរាចរណ៍, បង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្ត្រីព្រមទាំងលើកកម្ពស់សីលធម៌ ក្នុងវិជ្ជាជីវៈ, បង្កើនបំពាក់ឧបករណ៍បច្ចេកទេសបម្រើប្រតិបត្តិការ (កាមេរ៉ាសុវត្ថិភាពឧបករណ៍ត្រួតពិនិត្យល្បឿន ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹង និងឧបករណ៍វាស់សំឡេងយានយន្ត)៕