(ភ្នំពេញ)៖ លោក Steve Stuehser អនុព័ន្ធច្បាប់តំណាង FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា បានលើកឡើងថា ការវាយតម្លៃអំពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា នាពេលកន្លងមក អាចមានការភាន់ច្រឡំ ខ្វះមូលដ្ឋានព័ត៌មាន និងមិនទាន់ស្វែងយល់ច្បាស់លាស់អំពីស្ថានភាពពិតរបស់ប្រទេសកម្ពុជា។
ក្នុងឆ្នាំ២០២០កន្លងទៅ សហរដ្ឋអាមេរិក បានដាក់ចំណាត់ថ្នាក់លេខ២ជូនកម្ពុជា ស្ថិតក្រោមការឃ្លាំមើលរឿងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់កម្ពុជា ដែលកំពុងខិតខំយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ចំណាត់ថ្នាក់លេខ២ ជាប្រទេសស្ថិតក្រោមការឃ្លាំមើល ដែលដាក់ផ្ដល់ដោយសហរដ្ឋអាមេរិក មកលើប្រទេសកកម្ពុជានេះ មានន័យថា ប្រទេសកម្ពុជា បានប្រឹងប្រែងតិចតួចប៉ុណ្ណោះ ក្នុងការប្រយុទ្ធប្រឆាំងជាមួយអំពើជួញដូរមនុស្ស។
ការលើកឡើងបែបនេះរបស់លោក Steve Stuehser ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហការរវាងមន្រ្តីអនុវត្តច្បាប់ នៃភាគីអាមេរិក ជាមួយនគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការបំភ្លឺយ៉ាងច្បាស់លាស់អំពីទិដ្ឋភាពច្បាប់ បទពិសោធន៍ និងស្ថានភាពជាក់ស្តែង ដោយបានធ្វើឲ្យតំណាងភាគីអាមេរិក យល់កាន់តែច្បាស់អំពីស្ថានភាពពិត នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។
តាមរយៈការបកស្រាយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើឱ្យភាគីអាមេរិកយល់ច្បាស់ពីស្ថានភាពពិត អំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជា។ តំណាងភាគីអាមេរិក សន្យាថា នឹងធ្វើរបាយការណ៍ច្បាស់លាស់បញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន អំពីស្ថានភាពពិតនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។
ភាគីទាំងពីរ បានបង្ហាញអំពីទស្សនៈឯកភាពគ្នា ដើម្បីបន្តកិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀតដោយ ជំរុញកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ឲ្យបានច្បាស់លាស់ រួមទាំងការផ្តល់ទិន្នន័យបទល្មើស និងលទ្ធផលបង្រ្កាបអំពើជួញដូរមនុស្ស។ សហការជួយគាំទ្រការលើកកម្ពស់ធនធានមនុស្ស ដោយភាគីអាមេរិកបានរៀបចំកញ្ចប់ថវិកាសម្រាប់កម្មវិធីបណ្តុះបណ្តាលលើមុខជំនាញស៊ើបអង្កេត និងការប្រឆាំងអំពើជួញដូរមនុស្ស តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។
គួរជម្រាបថា ក្នុងឆ្នាំ២០២០កន្លងទៅ សហរដ្ឋអាមេរិក បានដាក់ចំណាត់ថ្នាក់លេខ២ជូនកម្ពុជា ស្ថិតក្រោមការឃ្លាំមើលរឿងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់កម្ពុជា ដែលកំពុងខិតខំយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ចំណាត់ថ្នាក់លេខ២ ជាប្រទេសស្ថិតក្រោមការឃ្លាំមើល ដែលដាក់ផ្ដល់ដោយសហរដ្ឋអាមេរិក មកលើប្រទេសកកម្ពុជានេះ មានន័យថា ប្រទេសកម្ពុជា បានប្រឹងប្រែងតិចតួចប៉ុណ្ណោះ ក្នុងការប្រយុទ្ធប្រឆាំងជាមួយអំពើជួញដូរមនុស្ស៕