(ភ្នំពេញ)៖ លោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារមួយរស់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលសម្រាលបានកូនភ្លោះបីនាក់ (ស្រីទាំងបី) ហើយត្រូវបានចាត់ទុកជាចៅៗរបស់សម្តេចទាំងទ្វេ។
លោក សេង ទៀង បានថ្លែងប្រាប់ Fresh News ឱ្យដឹងនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ការប្រគល់អំណោយខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ គឺប្រគល់នៅមន្ទីរពេទ្យកាល់ម៉ែត ដែលកាលណោះម្ដាយនិងទារកកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ។ ឪពុករបស់កូនភ្លោះទាំងបីនាក់នេះមានឈ្មោះ សយ សុណា អាយុ៣០ឆ្នាំ រីឯម្ដាយឈ្មោះ ហង្ស ចាន់ថា អាយុ២៧ឆ្នាំ។
លោក សេង ទៀង បានបន្តថា អំណោយរបស់សម្ដេចទាំងទ្វេដែលប្រគល់ជូនគ្រួសារកូនភ្លោះបីនាក់នោះ រួមមាន អង្ករចំនួន ៥០ គីឡូក្រាម ម្សៅទឹកដោះគោចំនួន ២ កេស (៤៨ កំប៉ុង) ស្ករសចំនួន ៥ គីឡូក្រាម សារុង ២ ក្រមា ២ និងថវិកាចំនួន ៥,០០០,០០០ រៀលទៀតផងដែរ។
លោក សយ សុណា និងលោកស្រី ហង្ស ចាន់ថា ដែលត្រូវជាឪពុកម្ដាយទារកទីបី បានលើកដៃប្រណម្យគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ពួកគាត់ ព្រមទាំងប្រជាពលរដ្ឋដទៃទៀត៕