(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលរបស់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន។
បច្ចុប្បន្នមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន ដឹកនាំដោយលោកអនុសេនីយ៍ឯក គឹម មករា មេបញ្ជាការស្ដីទី។ លោកអនុសេនីយ៍ឯក គឹម មករា ទើបកាន់តំណែងជាមេបញ្ជាការស្ដីទីនេះ មិនដល់ពេល២ខែនោះទេ ប៉ុន្ដែមានឆន្ទៈខ្ពស់ក្នុងការចូលរួមចំណែក ផ្ដួចផ្ដើមគំនិតកសាងអគារ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន ដើម្បីឲ្យសាកសមជាកន្លែងបំពេញការងាររបស់កងកម្លាំង។
ឆន្ទៈខ្ពស់របស់លោកអនុសេនីយ៍ឯក គឹម មករា គឺគោរពតាមអនុសាសន៍ និងការណែនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។
អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន ដែលទើបបញ្ចុះបឋមសិលាសាងសង់នេះ មានទំហំ៩ម៉ែត្រ គុណ២៤ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ក្បឿងក្បាច់ ដែលមានប្លង់គំរូដាក់បង្ហាញសាងសង់លើផ្ទៃដីទំហំ ៤០ម៉ែត្រ គុណ១០០ម៉ែត្រ និងមានបន្ទប់ធ្វើការចំនួន៤បន្ទប់ និងសាលប្រជុំមួយ។ អគាររដ្ឋបាលនេះ ត្រូវចំណាយថវិកាសាងសង់ប្រមាណជាង៨ម៉ឺនដុល្លារ។
ក្នុងនោះក៏មានចូលរួមឧបត្ថម្ភពី លោក សុវណ្ណ ពិសេន អភិបាលស្រុកសេសាន បានជួយចាក់ដី និងគ្រោងបង្អួច ទ្វារទាំងអស់។ ដោយឡែក លោក ឈុន រដ្ឋា និងភរិយា អាជីវករខេត្តស្ទឹងត្រែង ជួយឥដ្ឋ ក្នុងការសាងសង់អគារ និងរបងទាំងអស់៕