(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការព្រួយបារម្ភចំពោះការចរាចរណ៍គ្រឿងញៀននៅកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងរីកសាយភាយដល់ទីជនបទ។ សម្តេចក្រឡាហោម បានលើកឡើងថា បើមិនស្រុះគ្នាធ្វើទេថ្ងៃណាមួយគ្រឿងញៀន នឹងត្រួតត្រាកម្ពុជា។
ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងមួយថ្ងៃមានខេត្តចំនួន៦ ទៅ១០ខេត្ត បានរកឃើញនូវករណីបទល្មើសគ្រឿងញៀនចន្លោះពីមួយ ទៅពីរករណី។
សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ដូច្នេះ «ការបារម្ភ ការទស្សទាយរបស់ខ្ញុំមិនសូវខុសប៉ុន្មានទេ មានការបារម្ភអំពីគ្រឿងញៀន ដែលរាលដាលដល់ទីជនបទ។ ឥឡូវហ្នឹងគឺថាមួយថ្ងៃយ៉ាងតិចណាស់៦ខេត្ត ទៅ១០ខេត្ត មានមួយពីរករណី។ រឿងនេះបើយើងមិនស្រុះគ្នាដើម្បីធ្វើទេ គ្រឿងញៀនវាត្រួតត្រាយើងថ្ងៃណាមួយ»។
របាយការណ៍បានបង្ហាញថា ស្ថានភាពជួញដូរគ្រឿងញៀននៅកម្ពុជានៅតែមានសភាពស្រួចស្រាវ និងរីកសាយភាយកាន់ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្មានសញ្ញាណថមថយនោះឡើយ។ នៅឆ្នាំ២០២០ របាយការណ៍បានបង្ហាញថា កម្លាំងនគរបាលបានបង្ក្រាបករណីគ្រឿងញៀនចំនួន ១០,១៩៣ករណីនៅទូទាំងប្រទេស។
របាយការណ៍បានឱ្យដឹងដែរថា ជនសង្ស័យ ២០,៩១៣នាក់ ក្នុងនោះមានស្ត្រីចំនួន ១,២៦៧នាក់ត្រូវបានឃាត់ខ្លួន។ ក្នុងចំណោមនោះមានជនបរទេស ៣៥៥នាក់ ដោយស្ត្រីមានចំនួន ៤៥នាក់ និងមានសញ្ជាតិសរុបចំនួន១៤។
របាយការណ៍បានបញ្ជាក់ថា នគរបាលបានរឹបអូសថ្នាំញៀនចំនួន ៣,២៥១ គីឡូក្រាម រួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន ថ្នាំពង្វក់ស្មារតីប្រភេទអំហ្វេតាមីន កូកាអ៉ីន ខេតាមីន និងហេរ៉ូអ៉ីន កញ្ឆា ២៨៩គីឡូក្រាម និងអាភៀន ២៨៧, ៧៣៥ដើម។
នគរបាល ក៏បានដកហូតរថយន្ត ១៤៨គ្រឿង ម៉ូតូ ២,៦១៨គ្រឿង ទូរស័ព្ទដៃ ៧,៩០៨គ្រឿង ជញ្ជីង៥៣០ កាំភ្លើងខ្លី ២៩ដើម កាំភ្លើងវែង ២៦ដើម ផ្ទះ ២ខ្នង ដីឡូត៍ ២កន្លែង ខុនដូ ១យូនីត ឃ្លាំង ១កន្លែង និងបង្កកប្រាក់ ២ម៉ឺនដុល្លារក្នុងគណនីធនាគារចំនួន៣។
របាយការណ៍បន្ថែមទៀតថាចំនួននៃការចាប់ខ្លួនបានកើនឡើង ២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលការរឹបអូសគ្រឿងញៀនបានកើនឡើង ១៧ភាគរយ៕