(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា មានករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយមិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យ បែរជានៅតថ្លៃជាមួយជាមួយជនរងគ្រោះ។

សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់បែបនេះក្នុងពេលអញ្ជើញប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

ឆ្លើយទៅនឹងភាពខុសឆ្គងរបស់មន្ត្រីពន្លត់អគ្គិភ័យនេះ សម្តេចក្រឡាហោម ស ខេង បានស្នើទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ពិនិត្យ និងត្រូវលុបបំបាត់ឱ្យខានតែបាន។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បែបនេះ «ឡានទៅដល់ហើយបញ្ឈរច្រូងនៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថាសមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្មដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ ខុស។ សូមឱ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន»។

សម្តេចក្រឡាហោម បន្តទៀតថា «យើងសុខចិត្តថា ត្រូវថែមប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីមួយៗទៅវិញ កុំទៅតថ្លៃ។ តថ្លៃយ៉ាងម៉េច? គ្នាកំពុងរងគ្រោះ ភ្លើងវាឆេះផ្ទះ ទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យអាហ្នឹងមិនងាប់គ្នាទៀតហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើងអស់ហើយ»។

របាយការណ៍របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រោះអគ្គិភ័យនៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ បានកើតឡើងចំនួនប្រមាណ ៩៣៧ករណី បណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និង ៣៦នាក់ទៀតរងរបួស។

របាយការណ៍បានឱ្យដឹងថា គ្រោះអគ្គិភ័យឆ្នាំ២០២០ កើនឡើង ២២០ករណី បើធៀបនឹងឆ្នាំ២០១៩។ ផ្ទះចំនួន ៧០៧ខ្នង និងតូបលក់ដូរចំនួន ៥៩៤ខ្នង ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀត បានរងការឆេះខូចខាត។

គ្រោះអគ្គិភ័យទាំងនេះ ត្រូវបានរកឃើញថា ភាគគច្រើនបណ្ដាលមកពីផ្ទុះឆ្លងចរន្តអគ្គិសនីចំនួន ៣៧.៨៨ ភាគរយ និងការប្រើប្រាស់ភ្លើង (ចង្ក្រាន ធូប ទៀន) ខ្វះការប្រុងប្រយ័ត្នចំនួន ៣២.៣៣ភាគរយ។ ចំណែក ២៩.៧៧ភាគរយទៀត កំពុងស្ថិតក្រោមការស្រាវជ្រាវរបស់មន្ត្រីនគរបាលជំនាញ៕