(ភ្នំពេញ)៖ រោងចក្រផលិតក្រដាសដ៏ធំមួយ មានទុនវិនិយោគប្រមាណ៥០៤លានដុល្លារ និងអាចបង្កើតការងារ បានចំនួន២,២៦១កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យដំណើរការ។ នេះបើតាម Facebook ផ្លូវការរបស់ CDC ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា គម្រោងបង្កើតរោងចក្រផលិតក្រដាសដ៏ធំមួយនេះ ជារបស់ក្រុមហ៊ុន SHUNYING PULP AND PAPER COMPANY LIMITED» ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ជាមួយគ្នានឹងការអនុម័តឲ្យដំណើរការ គម្រោងខាងលើនេះ CDC អនុម័តឲ្យក្រុមហ៊ុន SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទផងដែរ។ គម្រោងនេះ មានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ៣.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន១,៦១៨កន្លែង៕