(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន រួមទាំងអង្គការដៃគូបានគាំទ្រ ដោយឡែកក្រសួងបានផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ ដល់លោក បេន ដេវីស ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារនេះ។
តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុប ៤២,០៩៧ហិកតា ក្នុងនោះលោក បេន ដាវីស ជនជាតិអាមេរិកកាំង បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះច្រើនប្រភេទ។ តំបន់អភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលក្រសួងបរិស្ថាន បានផ្តល់កិច្ចសហការអភិរក្សដល់គម្រោងប៊ីទ្រី (Be Treed) របស់លោក បេន ដេវីស ជនជាតិអាមេរិកបានធ្វើឱ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ ហើយបើទោះបីភ្ញៀវមានចំនួនមានកម្រិតក្តី ប៉ុន្តែទីនេះបានបើកទ្វាររង់ចាំភ្ញៀវទេសចររៀងរាល់ថ្ងៃផងដែរ។
នាឱកាសដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះទៅទស្សនកិច្ចសិក្សានៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក បានឱ្យដឹងថា បច្ចុប្បន្ន ក្រោមការការពារ និងអភិរក្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ និងមានការចូលរួមពីដៃគូដូចជា ប៊ីទ្រី គម្រោងព្រៃឡង់បៃតង របស់សហរដ្ឋអាមេរិក ពិសេសក្រុមសហគមន៍នៅទីនោះផ្ទាល់ បានធ្វើឱ្យតំបន់ដែនជម្រកសត្វព្រៃមួយនេះបានវិវត្តខ្លួនបន្តិចម្តងៗ ប្រែក្លាយជាតំបន់ដែនជម្រកសត្វព្រៃដែលមានសក្តានុពល និងបានក្លាយជាតំបន់ទេសចរណ៍ព្រៃភ្នំ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «តាមរយៈការគាំទ្ររបស់ក្រសួងបរិស្ថាន លោក បេន បានទទួលមូលនិធិបរិស្ថាន និងសង្គម ជួយគាំទ្រដល់ការងាររបស់លោក បេន ដេវីស ក្នុងមួយឆ្នាំ ២ម៉ឺនដុល្លារ ដើម្បីជួយទ្រទ្រង់សកម្មភាពអភិរក្សធនធានធម្មជាតិ។ នៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នេះគេឃើញថាព្រៃឈើ សត្វព្រៃ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅទីកន្លែងនេះបានរៀបចំកាន់តែប្រសើរឡើងបន្តបន្ទាប់ សម្រាប់បម្រើលើវិស័យទេសចរណ៍។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថាន បានរៀបចំក្រុមអ្នកអភិរក្សជាច្រើនក្រុម ដើម្បីដាក់ពង្រាយសម្រាប់កិច្ចការពារតំបន់អភិរក្សតំបន់មួយនេះ ដែលអាចធ្វើឱ្យក្រុមជនល្មើសខ្លបខ្លាច និងថមថយចុះផងដែរ»។
មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានពិសេស តាមរយៈលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់ លោក បេន ដេវីស និងក្រុមគ្រួសារដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។
ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា បានអំពាវនាវឱ្យក្រុមសហគមន៍, ប្រជាពលរដ្ឋត្រូវរួមសហការគ្នា និងមានការឯកភាពគ្នា ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ព្រោះធនធានធម្មជាតិ ជាអាយុជីវិតរបស់យើងទាំងអស់គ្នា។ លោកចាត់ទុកថា ព្រៃឈើ ក៏ដូចជាសត្វព្រៃមានសារៈសំខាន់ណាស់សម្រាប់ជីវិត មនុស្ស សត្វ។ ជាមួយគ្នាវាក៏ជាប្រភព្វតំបន់ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់បង្កើនសេដ្ឋកិច្ចប្រទេសជាតិ។
គួរបញ្ជាក់ថា បេនដេវីស ជាជនជាតិអាមេរិក និងភរិយាគាត់ជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើសត្វព្រៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារ។ បេន ដេវីស បាននាំប្រពន្ធ និងកូនស្រីគួរជាទីស្រឡាញ់២រូប មករស់នៅក្នុងព្រៃដើម្បីការពារ អភិរក្សសត្វ និងព្រៃឈើនៅកម្ពុជា។ កូនៗ និងប្រពន្ធរបស់គាត់បានសុខចិត្តមករស់នៅក្នុងព្រៃជាមួយ ដោយបោះបង់ចោលការងារ និងមិនបានចូលរៀនសូត្រតាមសាលារៀនឡើយ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្នុងពេលបំពេញទស្សនកិច្ចតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បេន ដេវីស បានឱ្យដឹងថាលោកបានស្ម័គ្រចិត្ត មកចូលរួមការពារព្រៃឈើ និងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនេះ បន្ទាប់ពីមើលឃើញតំបន់នេះសំបូរទៅដោយសត្វច្រើនប្រភេទរួចមក។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «សត្វព្រៃ និងព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា សម្រាប់ពលរដ្ឋកម្ពុជា ក៏ដូចជាវិស័យទេសចរណ៍។ ហេតុនេះខ្ញុំចាំបាច់ត្រូវតែចូលមកការពារតំបន់នេះ»។
ដោយជួបប្រទះបញ្ហាឧបសគ្គច្រើនរាប់មិនអស់ និងព្រមជាមួយជួបការលំបាកនាកន្លងមក បុរសជនបរទេសដែលស្ម័គ្រចិត្តមកការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជារូបនេះ បានបញ្ជាក់ប្រាប់ដែរថា៖ «កាលពីមុនខ្ញុំជួបការលំបាក តែពេលនេះមានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានជួយជ្រោមជ្រែងជាបន្តបន្ទាប់ ហើយបើគិតមកទល់ពេលនេះ លែងសូវលំបាកទៀតហើយ»។
លោក បេន ដេវីស បានបង្ហាញទំនុកចិត្តបន្ទាប់ពីមានវត្តមានពីសំណាក់កងកម្លាំង មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន កម្លាំងចម្រុះរួមមានមន្ត្រីនគរបាល និងកងរាជអាវុធហត្ថ និងប្រជាការពារសហគមន៍បានចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឱ្យកិច្ចការពារព្រៃឈើ និងសត្វព្រៃមួយកន្លែងនេះមានភាពលល្អប្រសើរ ហើយរយៈពេល៣ ទៅ៤ឆ្នាំមកនេះ សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃមានការថយចុះច្រើន បើធៀបកាលពីប៉ុន្មានឆ្នាំមុន។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពកនេះដែរ ត្រូវបានបុរសការពារសត្វព្រៃជនបរទេសដ៏ល្បីឈ្មោះរូបនេះប្រាប់ថា នៅតំបន់ដែនជម្រកសត្វព្រៃនេះសំបូរទៅដោយសត្វច្រើនប្រភេទ និងសត្វកម្របំផុតក្នុងលោកក្នុងនេះដូចជា សត្វទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ សត្វស្វា ក្ងោក មាន់ព្រៃ និងសត្វជាច្រើនទៀតកំពុងមានវត្តមានច្រើននៅទីនេះ។
យ៉ាងណាក្តី លោកបានត្អូញត្អែរដែរថា «ពេលនេះ បញ្ហាប្រឈមនៅតែមាន គឺក្រុមជនខិលខិចបានលបលួចដាក់អន្ទាក់ ទោះបីយើងខំដើរដោះយ៉ាងណាក៏មិនអស់ដែរ។ អន្ទាក់ប្រៀបដូចជាមីន គឺមីនសម្លាប់សត្វ»។
ជាមួយគ្នានេះលោកស្រីសារីន ភរិយារបស់លោក បេន ដេវីស បានឱ្យដឹងថា នៅកន្លែងនេះមានបម្រើម្ហូបអាហារ ផ្ទះសំណាក់បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរចូលមកកម្សាន្ត។ កន្លងមកមានភ្ញៀវទេសចរជាច្រើនពិសេសជនជាតិខ្មែរ បានចូលទស្សនាព្រៃឈើ និងសត្វព្រៃនៅកន្លែងនេះ។
លោកស្រី សារីន បានបញ្ជាក់បន្ថែមថា «បើអ្នកចូលមកកម្សាន្តនៅទីនេះត្រូវប្រាប់ ខ្ញុំមុនតាមរយៈទូរស័ព្ទ ឬហ្វេសប៊ុក ពីព្រោះថាមានកម្រិតទទួលភ្ញៀវ។ ទីនេះមិនអាចទទួលបានច្រើនពេកទេ។ ខ្ញុំមានរៀបចំអាហារបែបបួសទុកជូនពួកគាត់»។
ស្រ្តីរូបនេះរៀបរាប់ដែរថាក្រៅពីមើលព្រៃឈើ សត្វព្រៃទីកន្លែងនេះក៏មានបម្រើជិះខ្សែរ៉ក ពីលើភ្នំត្នោតចុះមកក្រោម ដើម្បីទស្សនាទេសភាពព្រៃភ្នំ និងទឹកជ្រោះយ៉ាងស្រស់ស្អាតទៀតផង។
ដោយឡែក លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ថា ការអប់រំ និងផ្សព្វផ្សាយពីសារៈប្រយោជន៍ព្រៃឈើ និងសត្វព្រៃដល់ប្រជាពលរដ្ឋ គឺជារឿងមួយមិនអាចមើលរំលងបានឡើយ។
លោកថា មន្រ្តីឧទ្យានុរក្ស និងសហការជាមួយកងម្លាំងសមត្ថកិច្ច ប្រជាសហគមន៍បានរួមគ្នាការពារព្រៃឈើ សត្វព្រៃ ធ្វើឱ្យតំបន់នេះបច្ចុប្បន្ននៅសំបូរទៅដោយសត្វព្រៃ និងព្រៃឈើដែលថ្ងៃខាងមុខនឹងក្លាយជាកន្លែងទេសចរណ៍ យ៉ាងសំខាន់មួយផងដែរ នៅខេត្តព្រះវិហារ។
គួរបញ្ជាក់ថាកាលពីខែមករា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនលោក បេន ដេវីស នូវរថយន្ត១គ្រឿង និងម៉ូតូ ២គ្រឿង សម្រាប់ដើរល្បាត៕