(កណ្ដាល)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាព ក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥។
ទិវានេះត្រូវបានរៀបចំធ្វើឡើងនៅខេត្តកណ្ដាល ដោយមានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសមាជិក សមាជិកា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ដ្រី អ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យលើការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅឆ្នាំ២០២០កន្លងទៅ តាមរយៈការកាត់បន្ថយបាននូវចំនួនគ្រោះថ្នាក់ អ្នករបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ កើតឡើងចំនួន៣,១៧៩ករណី ធៀបនឹងឆ្នាំ២០១៩កើតឡើង ចំនួន៤,១២១ករណី ថយចុះចំនួន៩៤២ករណី។ ដោយឡែក អ្នកស្លាប់ដោយសារគ្រោះថ្នាក់ នៅឆ្នាំ២០២០ ចំនួន១,៦៤៦នាក់ ធៀបនឹងឆ្នាំ២០១៩ ចំនួន១,៩៨១នាក់ ថយចុះចំនួន៣៣៥នាក់។
មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១៥ភាគរយ, ប្រជែងគ្រោះថ្នាក់១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយាន៣ភាគរយ និងងងុយ១ភាគរយ៕