(ភ្នំពេញ)៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ជាខួបទី៣៧ឆ្នាំ (២៤កុម្ភៈ ១៩៧៩-២៤កុម្ភៈ ២០១៦) ដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបជុំគ្រួសារឡើងវិញ បន្ទាប់ពីបែកគ្នាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរនូវអត្ថបទមួយដោយរៀបរាប់ពីទុក្ខវេទនា ការព្រាត់ប្រាស់គ្រួសារ ហើយក៏បានអំពាវនាវជាថ្មី ធ្វើយ៉ាងណារួមគ្នាការពារសន្តិភាព ទប់ស្កាត់នយោបាយបែបទម្រង់ ប៉ុលពត ក្នុងសម័យថ្មីមិនឲ្យវិលមកវិញជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា៖

ថ្ងៃនេះជាខួប ៣៧ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤កុម្ភៈ ១៩៧៩-២៤កុម្ភៈ ២០១៦)។ តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ដើម្បីតស៊ូរំដោះជាតិចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី១០ ខែ វិច្ឆកា ឆ្នាំ១៩៧៦។ តាំងពីថ្ងៃបែកគ្នាមកខ្ញុំ មិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយរំដោះ ថ្ងៃ៧មករា១៩៧៩ រយៈពេលជាង១ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រពន្ធ ឬឪពុកម្តាយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។

ការសប្បាយរីករាយសំរាប់ការរំដោះ ប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ហើយតើខ្ញុំត្រូវរៀបចំអនាគតផ្ទាល់ខ្លួនទៅមុខទៀតរបៀបណា?
នៅពេលខ្លួនជាពោះម៉ាយក្នុងវ័យ២៧ឆ្នាំ។

ល្ងាចថ្ងៃ ២៤ កុម្ភៈ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធនិងកូនព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះមាន២លើករួចមកហើយ។ លើកទី១ មានស្ត្រីអាយុប្រហែលម្តាយខ្ញុំ បានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់ ខ្ញុំមកជួបគាត់ហៅខ្ញុំថា ក្មួយហើយសុំចូលទៅជួបរដ្ឋមន្ត្រី ពេលខ្ញុំប្រាប់គាត់ថា ខ្ញុំហ្នឹងហើយជារដ្ឋមន្ត្រីគាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំ បើកឡានចេញពីក្រសួងមិនដឹងថា គាត់ទៅណាទៀតទេ។ ដោយសារមានរឿងមិនពិតរួមផ្សំថា មានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណាម៉ោងប្រមាណ៥ ល្ងាច ហើយខ្ញុំក៏មកផ្ទះ។

ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញរ៉ានី ប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ធខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែជាគេចចេញទៅឱបម្តាយហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះ ច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ម៉ាណែត កូនប្រុសខ្ញុំហៅខ្ញុំថា ពូរយៈពេល២ខែ។ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថាពុកបានប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន។ នេះជាកំហុសរបស់ខ្ញុំ ដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅ អូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការ មិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយួរទឹកមកចាក់បំពេញពាង ទើបធ្វើឲ្យកូនជិត២ខែនេះរលូត។ សោដនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែក តូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនា និនាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។

យើងរួមគ្នាការពារសន្តិភាព ទប់ស្កាត់នយោបាយបែបទម្រង់ ប៉ុល ពត ក្នុងសម័យថ្មីវិលមកវិញជាដាច់ខាត៕