(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក និងជាព្រះចៅអធិការវត្តថ្លា នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រារព្ធពីធីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលានៅក្នុងវត្តថ្លា ស្ថិតនៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ថវិកាសាងសង់មួយចំនួនជាសទ្ធាជ្រះថ្លារបស់ឧបាសក អ៉ំ សឿង និងឧបាសិកា មុំ តាំងយឿ ដែលបានអនិច្ចកម្មទៅហើយ ដោយកាលពីលោកទាំងពីរនៅមានព្រះជន្ម លោកបានផ្ដាំផ្ញើឱ្យលោក អ៊ុ សោភារិទ្ធ ត្រូវជាកូនបង្កើត ឱ្យចូលរួមថវិកាកសាងសមិទ្ធក្នុងវត្តថ្លាផង ដូច្នេះហើយបានជាកូនចៅរបស់លោកទាំងពីរបានចូលរួមសទ្ធាជ្រះថ្លាជាថវិកាចំនួន ២០,០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់សាងសង់ឧបដ្ឋានសាលានេះ, នេះបើតាមលោក អ៊ុ សោភារិទ្ធ។
លោក អ៊ុ សោភារិទ្ធ ក៏បានលើកឡើងអំពីជីវប្រវត្តិរបស់ឧបាសក អ៉ំ សឿង និងឧបាសិកា មុំ តាំងយឿ ដែលកាលលោកនៅមានព្រះជន្មនៅឡើយ លោកតែងតែយកចិត្តទុកដាក់ចូលរួមកសាងជាមួយប្រជាពលរដ្ឋនៅស្រុកតាំងគោក ដូចជា សមិទ្ធផលក្នុងវត្តអារាម សាលារៀនជាដើម ហើយជាក់ស្ដែងនេះ ក្រុមគ្រួសាររបស់លោកក៏បានចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយព្រះអនុគណស្រុកតាំងគោក ដើម្បីសាងសង់ឧបដ្ឋានសាលាសម្រាប់ប្រើប្រាស់ជាក់ស្ដែងក្នុងវត្ត។
លោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ឧបដ្ឋានសាលាដែលចាប់ផ្តើមសាងសង់នេះមានទំហំ ១៦.២ គុណ ៣៦ ម៉ែត្រ ដែលនឹងក្លាយទៅទីកន្លែងសម្រាប់បម្រើឲ្យព្រះពុទ្ធសាសនា ក៏ដូចជាពុទ្ធបរិស័ទជុំវិញស្រុកតាំងគោក ជាពិសេសជាសមិទ្ធផលមួយរបស់វត្តថ្លាផងដែរ ដែលជាការឆ្លុះបញ្ចាំងបានថា ស្រុកតាំងគោកមានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពគ្រប់ទីកន្លែង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
លោកអភិបាលស្រុកតាំងគោក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីឱ្យក្នុងភូមិ ឃុំមានស្ថិរភាព សុខសុវត្ថិភាព និងមានការអភិវឌ្ឍ។
បន្ថែមពីនេះទៀត លោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូបឱ្យយកទុកដាក់ចិត្តចំពោះជំងឺកូវីដ-១៩ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែប្រកាន់នូវអនាម័យឱ្យបានជាប្រចាំ ដូចជា ត្រូវលាងដៃជាមួយសាប៊ូ ឬទឹកអាកុល ឬជែលឱ្យបានញឹកញាប់ ហើយនៅពេលដែលប៉ះ ឬកាន់នៅរបស់អ្វីមួយក៏ត្រូវលាងសម្អាតដៃផងដែរ។
ម្យ៉ាងទៀត ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានត្រឹមត្រូវ នៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលឱ្យបានជាប្រចាំ៕