(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងក្របខណ្ឌគាំពារសង្គម ដែលផ្តើមចេញពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺជាសុបិនដែលក្លាយជាការពិត។

ការថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ នៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

សុបិនក្លាយជាការពិតដោយសារតែ៖

១៖ ជាកម្មវិធីដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចង់ឃើញមានការអនុវត្ត។ ការគិតគូររបស់ដៃគូអភិវឌ្ឍន៍ និងដែលមានការលើកទឹកចិត្តពីរាជរដ្ឋាលភិបាល គឺយ៉ាងហោចណាស់មានចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ ដែលការសាកល្បងដោយថវិកា និងយន្តការខុសៗគ្នា របស់ដៃគូរមិនតិចជាង៣គម្រោង នោះឡើយ (រាប់ទាំងនៅស្រុកប្រាសាទបាគង, ស្រុកភ្នំស្រុក និងនៅឃុំមួយចំនួន នៅខេត្តបាត់ដំបង និងពោធិ៍សាត់ជាដើម)។

កម្មវិធីនេះ គឺជាកម្មវិធីជាតិដែលប្រើប្រាស់ធនធានជាតិរបស់កម្ពុជា និងដើម្បីប្រជាពលរដ្ឋកម្ពុជា ដែលទាំងប្រជាពលរដ្ឋទូទៅ បណ្តាដៃគូអភិវឌ្ឍន៍ និងជាពិសេសប្រជាពលរដ្ឋទទួលផលមានការសាទរយ៉ាងខ្លាំង។

២៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងបន្តមកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាកម្មវិធីជាតិដែលបានកិច្ចសហការ និងការអនុវត្តយ៉ាងពេញលេញដោយ៖

* ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ
* រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
* ការជួយគាំទ្រជំនួយបច្ចេកទេសទាំងសមត្ថភាព និងទាំងសម្ភារៈ ពីបណ្ដាដៃគូអភិវឌ្ឍន៍ ក្រោមការដឹកនាំ ទាំងកម្រិតគោលនយោបាយ និងយុទ្ធសាស្រ្ត ព្រមទាំងការសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាយន្តការរបស់រាជរដ្ឋាភិបាល ដោយមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានកិត្តិយស និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ហើយការដាក់ឲ្យអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ទាំងពីរនេះ គឺជាវិញ្ញាសារមួយដែលបង្ហាញថា កម្ពុជាអាចធ្វើរួមគ្នាបានយ៉ាងមានប្រសិទ្ធភាព។

៣៖ កម្មវិធីឧបត្ថម្ភសាចប្រាក់ទាំង២ អាចឆ្លើយតបបានយ៉ាងជាក់ស្តែង ទៅនឹងតម្រូវការដែលចាំបាច់ត្រូវមានការពង្រឹងគឺ៖

* តម្រូវការអាហារូបត្ថម្ភ ដើម្បីភាពលូតលាស់ ទាំងបញ្ញា-ស្មារតី និងរាងកាយរបស់ទារក តាំងពីពេលចាប់កំណើតក្នុងផ្ទៃ
* តម្រូវការផ្នែកថែទាំសុខភាព ដែលមាតា, ទារក និងកុមារ
* ហើយក្នុងរយៈពេលចុងក្រោយនេះ គឺតម្រូវការក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារជាង ៧១ម៉ឺនគ្រួសារ (ឬប្រជាជនជាង ២.៨លាននាក់) ដែលពឹងផ្អែកលើចំណូលរកបានប្រចាំថ្ងៃ តែជំងឺកូវីដ-១៩ បានធ្វើឲ្យពួកគាត់បាត់បង់មុខរបរ និងប្រាក់ចំណូល ឬរកព្រឹកខ្វះល្ងាច។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដោយមានការចូលរួម ពីគ្រប់អភិបាលរងរាជធានី-ខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធមកពីគ្រប់រាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍នានា៕