(ភ្នំពេញ)៖ លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានព្រមានថា ក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញទាំងឡាយណាដែលរកស៊ីមិនត្រឹមត្រូវ នឹងត្រូវរាយការណ៍ទៅក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់ការតាមននីតិវិធីច្បាប់ ហើយគ្រប់ក្រុមហ៊ុនទាំងអស់នោះនឹងត្រូវចុះឆែកក្នុងពេលបន្តបន្ទាប់ តាមពេលវេលាដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។
ការព្រមានបែបនេះរបស់លោកបណ្ឌិត ឡី សុភាព ធ្វើឡើងនាឱកាសលោកចូលរួមក្នុងពិធីសម្ពោធ និងប្រកាសទទួលស្គាល់ក្រុមហ៊ុន សីហា ផៅវ័រ រីច ជាសមាជិកក្នុងសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ភោជនីយដ្ឋានឌឺហ្គ្រេនតេរ៉ា ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ឡី សុភាព បានលើកឡើងថា នៅដើមឆ្នាំថ្មីនេះ សមាគមសហព័ន្ធវិនិយោគកម្ពុជា និងសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានពិនិត្យឃើញថាសមិទ្ធផលធំៗរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាមានស្ថិរភាពនយោបាយពេញផ្ទៃប្រទេស។
ធុរកិច្ចទីផ្សារបណ្តាញ ជាអាជីវកម្មដែលស្របច្បាប់ ចំណែកឯអាជីវកម្មដែលខុសច្បាប់ គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យធ្វើនោះទេ ខណៈទូទាំងពិភពលោក អាជីវកម្មពីរ៉ាមីតនេះគេមិនឲ្យធ្វើទេ ហើយប្រព័ន្ធពីរ៉ាមីតនេះរយៈពេល ២ ឬ ៣ ឆ្នាំ គេឲ្យបិទហើយ ព្រោះប្រព្រឹត្តនូវអំពើខុសច្បាប់។ ពីរ៉ាមីតជាអាជីវកម្មខុសច្បាប់ គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបើកទេ។
លោក ឡី សុភាព បានថ្លែងយ៉ាងដូច្នេះថា «បើចង់ចូលទៅក្នុងក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញដោយស្របច្បាប់ គឺក្រុមហ៊ុនណាដែលធុរកិច្ចទីផ្សារបណ្តាញប្រកាសទទួលស្គាល់ ហើយចម្លងជូនដោយរាជរដ្ឋាភិបាលស្របច្បាប់ទាំងក្រុមហ៊ុន ដែលចុះបញ្ជីស្របច្បាប់នៅក្រសួង និងទំនិញដែលចុះនៅក្រសួងដែលពាក់ព័ន្ធ ស្របច្បាប់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនោះពិតជាក្រុមហ៊ុនត្រឹមត្រូវ។ ចំណែកក្រុមហ៊ុនណាមួយដែលមិនហ៊ានចុះបញ្ជី គឺមានអ្វីមិនប្រក្រតីនៅក្នុងនោះហើយ យុវជនកម្ពុជាកុំឆ្ងល់ពេក»។
យន្តការគ្រឹះរបស់ធុរកិច្ចទីផ្សារបណ្តាញមានសសរស្តម្ភធំៗចំនួន ៤ និងធាតុផ្សំចំនួន ៣ គឺជាប្រភេទទីផ្សារបណ្តាញអាជីវកម្មបែបប្រពៃណី ដែលនាំចូលនិងចែកចាយធម្មតា មានហ្វ្រេនឆាយ មានបណ្ដាញប្រព័ន្ធអេឡិកត្រូនិច និងបើកហាង ហើយទំនិញទាំងអស់ត្រូវតែមានចុះបញ្ជីត្រឹមត្រូវ ហើយទើបអាចលក់ក្នុងទីផ្សារបណ្តាញបាន។
លោក ឡី សុភាព បានបញ្ជាក់ថា នេះជាសារមួយទៅដល់ក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញនាពេលនេះ ក្រុមការងារសមាគមនឹងរាយការណ៍ទៅស្ថាប័នដែលពាក់ព័ន្ធ ចំពោះក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញទាំងឡាយណា ដែលរកស៊ីមិនត្រឹមត្រូវលោកនឹងរាយការណ៍ជូនថ្នាក់លើគ្រប់ក្រុមហ៊ុនទាំងអស់ នឹងត្រូវចុះឆែកក្នុងពេលវេលា និងកាលកំណត់នៃអាជ្ញាធរដែនដីដែលសមត្ថកិច្ចទាំងអស់។
លោកបានថ្លែងបន្តថា សសរស្តម្ភទាំង ៤ រួមមាន ក្រុមហ៊ុនមានការទទួលខុសត្រូវទៅលើផ្លូវច្បាប់នៃក្រុមហ៊ុន ប្រព័ន្ធផលប្រយោជន៍ ទំនិញ មានប្រព័ន្ធបណ្តុះបណ្តាល មានក្រុមការងារចាំជួយ និងធុរកិច្ចម្នាក់ៗ។ ទាំងអស់ដែលជាសក្តានុពលធុរកិច្ចទីផ្សារបណ្តាញ ទាំងអ្នកចេះច្រើន ទាំងអ្នកចេះតិច ឬក៏អ្នកមិនទាន់ចេះសោះ អាចមកចូលរួមក្នុងធុរកិច្ចទីផ្សារបណ្តាញ អាចឱ្យប្រជាជនកម្ពុជាទាំងអ្នកតូចទាំងអ្នកមធ្យម អ្នកស្រុកស្រែចម្ការគ្រប់ទីតំបន់អាចពួតដៃគ្នារកស៊ីបានដោយវិស័យគ្រប់ៗគ្នា៕